បាល់ទាត់៖ ក្រុមខេត្តព្រៃវែងបានស្គាល់ជ័យជម្នះលើកដំបូង ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ហើយ បន្ទាប់ពីយកឈ្នះលើក្រុមភ្ញៀវសូលទីឡូអង្គរដោយលទ្ធផល ៦-០ នៅកីឡដ្ឋានខេត្តព្រៃវែងកាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

ជំនួបបង្គ្រប់សប្ដាហ៍ទី២ នេះ ក្រុមប្រមូលផ្ដុំដោយយុវជនខេត្តព្រៃវែងធ្វើបានយ៉ាងល្អដោយវគ្គទី១ ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីក្រុមធ្វើដំណើរមកពីខេត្តសៀមរាប សូលទីឡូអង្គរ ៣គ្រាប់មុនដោយកីឡាករ វឿន វ៉ា នៅនាទី២៦, កីឡាករ គី រីណា នៅនាទី៣២ និងកីឡាករវ័យក្មេងជាងគេ ស៊ិន សុវណ្ណមករា នៅនាទី៤៥+២។ ចូលដល់វគ្គទី២ ក្រុមសូលទីឡូអង្គរបានព្យាយាមវាយបកកាន់តែខ្លាំង តែមិនអាចបំបែកពងមាន់ក្រុមម្ចាស់ផ្ទះបានឡើយ ផ្ទុយទៅវិញត្រូវបានខេត្តព្រៃវែងបន្ថែម ៣គ្រាប់ទៀតនៅចុងម៉ោងដែលធ្វើសម្រេចដោយកីឡាករ អាត អូនតូច ២គ្រាប់ នៅនាទី៨៦ និងនាទី៩០ ខណៈ ១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា នៅនាទី៨៩។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ខេត្តព្រៃវែង សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ រកបាន ៤ពិន្ទុ និងឈរលេខរៀងទី៧ បណ្ដោះអាសន្ន ខណៈក្រុមសូលទីឡូអង្គរបន្ដឈរបាតតារាង និងមិនទាន់មានពិន្ទុរាប់ឡើយក្រោយចាញ់ ៣ប្រកួតជាប់ៗគ្នា៕
អត្ថបទ៖ លី ឈុនឡា