សីតុណ្ហភាពសកលជាមធ្យមបានកើនឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងសប្តាហ៍នេះ ដោយមានកម្រិត១៧,១៨អង្សាសេកាលពីថ្ងៃអង្គារ និងថ្ងៃពុធ នេះបើយោងតាមទិន្នន័យជាច្រើនទសវត្សរ៍ដែលប្រមូលបាន និងវិភាគដោយបណ្ដាទីភ្នាក់ងារតាមដានអាកាសធាតុ។

ផែនដីបានជួបប្រទះថ្ងៃដ៏ក្តៅបំផុតក្នុងកំណត់ត្រាដោយមានសីតុណ្ហភាព ១៧,០១អង្សាសេកាលពីថ្ងៃចន្ទ ដែលជាទិន្នន័យខ្ពស់បំផុតនៅក្នុងទិន្នន័យរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍បរិស្ថានរបស់សហរដ្ឋអាមេរិកដែលមានពីឆ្នាំ១៩៧៩។
សីតុណ្ហភាពបានកើនឡើងបន្ថែមទៀតដល់ ១៧,១៨អង្សាសេកាលពីថ្ងៃអង្គារ ហើយនៅតែរក្សាកំណត់ត្រាខ្ពស់នេះនៅថ្ងៃពុធ នេះបើយោងតាមសាកលវិទ្យាល័យវិភាគអាកាសធាតុ (University of Maine's Climate Reanalyzer) នៅសហរដ្ឋអាមេរិក ជាឧបករណ៍ដែលប្រើទិន្នន័យផ្កាយរណប និងកុំព្យូទ័រនិមិត្មដើម្បីវាស់ស្ទង់ស្ថានភាពអាកាសធាតុពិភពលោក។
មនុស្សជុំវិញពិភពលោកកំពុងរងគ្រោះដោយសារវិបត្តិអាកាសធាតុនេះ។
កាលពីថ្ងៃពុធ មនុស្សប្រហែល ៣៨លាននាក់នៅទូទាំងសហរដ្ឋអាមេរិកស្ថិតនៅក្រោមការព្រមានអំពីកម្ដៅខ្លាំង។ ខណៈពេលដែលកម្ដៅដ៏ខ្លាំងក្លាកំពុងដុតរោលនៅតំបន់មជ្ឈិមបូព៌ា អង់តាក់ទិក ដែលបច្ចុប្បន្នស្ថិតក្នុងរដូវរដូវរងា ធ្វើឲ្យតំបន់ទាំងនោះជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ខុសធម្មតា។
ក្រុមអ្នកជំនាញបានព្រមានថា រលកកំដៅដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក គឺបណ្តាលមកពីការរួមបញ្ចូលគ្នានៃបម្រែបម្រួលអាកាសធាតុ និងវដ្តអាកាសធាតុនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) ហើយអាកាសធាតុធ្ងន់ធ្ងរនេះនឹងក្លាយទៅជារឿងធម្មតាសម្រាប់មនុស្ស ខណៈដែលបម្រែបម្រួលអាកាសធាតុនៅតែបន្ត៕