ចិន៖ ដោយដកស្រង់សម្ដីពីអ្នកដែលដឹងពីបញ្ហារំសាយកម្មកររបស់ក្រុមហ៊ុន Tesla Inc ប្រព័ន្ធផ្សព្វផ្សាយ Bloomberg News បានរាយការណ៍ នៅថ្ងៃសុក្រ (ទី៧ ខែកក្កដា) នេះ ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនេះ កំពុងចាប់ផ្ដើមបញ្ឈប់បុគ្គលិកមួយចំនួនពីរោងចក្រផលិតអាគុយ នៅក្រុងសៀងហៃ ប្រទេសចិន។

យ៉ាងណាក្ដី យោងតាមរបាយការណ៍នោះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើមានកម្មករប៉ុន្មាននាក់ អាចត្រូវបានរំសាយ ឬថា តើហេតុផលជាក់លាក់អ្វី ដែលនៅពីក្រោយការបញ្ឈប់ពីការងារនេះ ខណៈក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ការបញ្ឈប់ពីការងារនេះ ត្រូវបានរាយការណ៍ដំបូងដោយបណ្ដាញសារព័ត៌មានអនឡាញ ក្នុងស្រុកមួយឈ្មោះថា Deep Analysis កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកក្កដា) ដែលបាននិយាយថា កម្មករតិចជាង ១.០០០នាក់ កំពុងធ្វើការលើខ្សែចង្វាក់ផលិតកម្មផលិតអាគុយចំនួន២របស់រោងចក្រ។

រោងចក្រ Gigafactory Shanghai របស់ក្រុមហ៊ុន Tesla ដែលជារោងចក្រដ៏ធំបំផុត និងមានផលិតភាពបំផុត មានបុគ្គលិកប្រហែល ២០.០០០នាក់ ដោយក្នុងនោះរួមទាំងបុគ្គលិកដែលកំពុងផលិតរថយន្តម៉ាក Model Y និង Model 3 ផងដែរ៕