កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា ខ្លួនគោរពការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លើផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រិត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រ ហើយថាវាបំពេញតាមស្តង់ដារអន្តរជាតិ។

ទីក្រុងសេអ៊ូលបានប្រកាសពីការវាយតម្លៃរបស់ខ្លួនបន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្តល់កាយល់ព្រមនៅសប្តាហ៍នេះដល់ផែនការរបស់ប្រទេសជប៉ុន បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេលពីរឆ្នាំ បើទោះបីជាមានកង្វល់អំពីសុវត្ថិភាពនៅក្នុងប្រទេសជិតខាងមួយចំនួន និងសញ្ញានៃការរិះគន់ពីអ្នកប្រើប្រាស់ក៏ដោយ។
រដ្ឋមន្ត្រីការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលលោក Bang Moon-kyu បាននិយាយថា កូរ៉េខាងត្បូងគោរពការរកឃើញរបស់អង្គការ IAEA ព្រោះរបាយការណ៍នេះត្រូវបានផ្អែកលើក្រុមការងារនៃអ្នកជំនាញពិភពលោក ដែលបង្កើតឡើងដោយទីភ្នាក់ងារអន្តរជាតិ។

ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្មជាងមួយលានតោន ដោយឥឡូវនេះត្រូវបានរក្សាទុកនៅរោងចក្រដែលបានខូចខាតនៅភាគខាងជើងនៃទីក្រុងតូក្យូ។ សំណល់ទឹកនេះភាគច្រើនត្រូវបានប្រើដើម្បីធ្វើឱ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័រ ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕