ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៤នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ខណៈមនុស្ស ៣៦០នាក់ផ្សេងទៀត ត្រូវបានរកឃើញឆ្លងមេរោគផ្លូវដង្ហើមនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា តួលេខអ្នកស្លាប់សរុបបានកើនឡើងដល់ ១៥៤នាក់ហើយ ក្នុងនោះមានទាំងតួលេខអ្នកស្លាប់ថ្មី ៤នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ។
បើតាមក្រសួងសុខាភិបាល មនុស្ស ៣៦០នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលក្នុងនោះករណីឆ្លងថ្មីដល់ទៅ ៣៥៦នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការន៍សហគមន៍ ២០កុម្ភៈ ហើយ ៤ករណីទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្ស ២២ ៥៤៤នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងមេរោគនេះជាលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០២០មក។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩សរុប ១៣ ០០៦នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៨៨៦នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
