បេឡារុស ៖ សម្ព័ន្ធយោធាណាតូបានលេចមុខនៅទីក្រុង វីលញូស(Vilnius) ទៅជាបន្ទាយយោធាការពារដោយសព្វាវុធទំនើបៗ ដើម្បីការពារប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំសម្ព័ន្ធមិត្តផ្សេងទៀត ដែលជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ចម្ងាយត្រឹមតែ ៣២ គីឡូម៉ែត្រ ពីរបងព្រំដែនខ្សែលួសរបស់ប្រទេសលីទុយអានី ជាប់ជាមួយប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី ។
ប្រទេសលីទុយអានី បានបង្កើនការដាក់ពង្រាយឆ្មាំព្រំដែនបីដងនៅព្រំដែនបេឡារុស និងរុស្ស៊ីសម្រាប់រដូវក្តៅនេះ ដែលបានង្កើនកម្លាំងដោយក្រុមមន្ត្រីមកពីឡាតវី និងប៉ូឡូញ។ ប្រទេសទាំងពីរក៏បានបញ្ជូននគរបាលទៅជួយល្បាតទីក្រុងវីលញូស(Vilnius)ផងដែរ។
នៅតាមភូមិនានាជាប់ព្រំដែនប្រទេសបេឡារុស ក្រុមអ្នកស្រុកបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពទាំងស្រុង ទោះបីជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី បានផ្តល់កន្លែងស្នាក់នៅសម្រាប់កងជីវពលក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនរបស់រុស្ស៊ី វ៉េកណា (Wagner) និងការធ្វើជាម្ចាស់ផ្ទះនៃអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីក៏ដោយ។
នៅឯអាកាសយានដ្ឋាន Vilnius ជើងទម្រមីស៊ីលប៉ាទ្រីយ៉ូត(Patriot)៨ គ្រឿងដែលដំណើរការដោយអាល្លឺម៉ង់ត្រូវគេឃើញតម្រៀបតាមទិសដៅរបស់អាវុធដែលបែរទៅទៅទិសទីក្រុងកាលីនីងក្រាដ(Kaliningrad) របស់រុស្ស៊ី។ ពីរគ្រឿងទៀតបែរទៅរកបេឡារុស។ មីស៊ីលទាំងអស់បានដំណើរការតាំងពីព្រឹកថ្ងៃសុក្រ ៧ កក្កដា មកម្ល៉េះ។
សម្ព័ន្ធមិត្តណាតូចំនួន ១៦ប្រទេស បានបញ្ជូនកងទ័ពសរុបប្រហែល ១.០០០ នាក់ដើម្បីការពារកិច្ចប្រជុំកំពូលនេះដែលនឹងធ្វើឡើងនៅថ្ងៃទី ១១ដល់១២ ខែកក្កដា ដែលនឹងប្រព្រឹត្តទៅត្រឹមតែ ១៥១ គីឡូម៉ែត្រ ប៉ុណ្ណោះពីប្រទេសរុស្ស៊ី។ ប្រទេសជាច្រើនក៏កំពុងផ្តល់ប្រព័ន្ធការពារដែនអាកាសទំនើបៗ ដល់បណ្ដារដ្ឋនៅតំបន់បាល់ទិក ដែលកំពុងខ្វះខាតផងដែរ ៕

