អាមេរិក ៖ យោងតាមសេវាព្យាករណ៍អាកាសធាតុជាតិអាមេរិក (NWS) ក្នុងរយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មកសីតុណ្ហភាពជាមធ្យមលើពិភពលោកបានហក់ឡើងដល់កម្រិតខ្ពស់បំផុត៣ថ្ងៃជាប់ថ្ងៃគ្នាខណៈរលកកម្ដៅហក់ឡើងខ្ពស់បានបន្តប៉ះពាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក។
សេវាព្យាករណ៍អាកាសធាតុជាតិអាមេរិក បាននិយាយថាសីតុណ្ហភាពជាមធ្យមលើពិភពលោកកាលពីថ្ងៃព្រហស្បិ៍សប្ដាហ៍នេះ បានកើនឡើងដល់១៧,២៣អង្សាសេ ដែលជាការកើនឡើងជាថ្មីសម្រាប់សីតុណ្ហភាពជាធមធ្យមសកលខ្ពស់បំផុត ដែលបានតាមដានដោយមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍បរិស្ថានរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧៩។
ក្នុងរយៈពេល៤ថ្ងៃ សីតុណ្ហភាពរបស់ភពផែនដីបានកើនឡើងខ្ពស់៣ដង ដោយបានហក់ឡើងដល់១៧,០១អង្សាសេកាលពីថ្ងៃចន្ទ ១៧,១៨អង្សាសេកាលពីថ្ងៃអង្គារ ដែលនៅតែបន្តកើនឡើងសីតុណ្ហភាពកាលពីថ្ងៃពុធនិង១៧,២៣អង្សាសេកាលពីថ្ងៃព្រហស្បតិ៍។
លោក រ៉ូបើត រ៉ូដ (Robert Rohde) អ្នកវិទ្យាសាស្ត្រនៅ Berkeley Earth ជាវិទ្យាស្ថានស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ បាននិយាយថា ការកើនឡើងថ្មីៗ នៃសីតុណ្ហភាពជាធម្យមរបស់ពិភពលោក គឺដោយសារតែការកើនឡើងកម្ដៅសកលរយៈពេលយូរដែលបណ្ដាលមកពីការបញ្ចេញឧស្ម័នផ្ទះកញ្ជក់និងការហក់ឡើងសីតុណ្ហភាពរយៈពេលខ្លី បណ្ដាលមកពីបាតុភូតអេលនីញូ ។ សីតុណ្ហភាពជាធម្យមលើពិភពលោក នឹងបន្តនៅ រយៈពេល១ខែកន្លះទៀត៕


