ហុងឌុយរ៉ាស៖ អាជ្ញាធរហុងឌុយរ៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា បេសកកម្មរបស់ក្រុមអ្នកជំនាញUN បានមកដល់ប្រទេសហុងឌូរ៉ាស ដើម្បីត្រួតពិនិត្យពីការដំឡើងបេសកកម្មអន្តរជាតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសអាមេរិកកណ្តាលនេះ ដែលញាំញីដោយអំពើពុករលួយរាលដាល ដែលបានធ្វើឲ្យភាពក្រីក្រ និងអន្តោប្រវេសន៍កាន់តែធ្ងន់ធ្ងរឡើង។
ប្រធានាធិបតីឆ្វេងនិយម លោកស្រី ស៊ីអូម៉ារ៉ា កាស្រ្តូ ( Xiomara Castro) បានសន្យាក្នុងអំឡុងយុទ្ធនាការរបស់លោកស្រីក្នុងការតែងតាំងគណៈកម្មការប្រឆាំងអំពើពុករលួយ ដែលគេស្គាល់ថា ជាគណៈកម្មការអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ និងនិទណ្ឌភាពក្នុងប្រទេសហុងឌូរ៉ាស (CICIH)។ រយៈពេលមួយឆ្នាំកន្លះ បន្ទាប់ពីការឡើងកាន់តំណែង ក្រុមសង្គមស៊ីវិលមានការខកចិត្តនឹងការពន្យារពេលក្នុងដំណើរការនេះ ដោយសាររដ្ឋាភិបាល និងអង្គការសហប្រជាជាតិ មិនទាន់ឈានដល់កិច្ចព្រមព្រៀងស្តីពីវិសាលភាពនៃគណៈកម្មការដែលមានសក្តានុពល៕
