ភ្នំពេញ៖ ផលិតផលភូមិ១ ផលិតផល១ បានហូរចូលទីផ្សារទំនើបៗក្នុងរង្វង់ ៨០ ភាគរយ ខណៈដែលផលិតផលប្រមាណ ២០ ភាគរយ ត្រូវបានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ កំពុងជំរុញលើកទឹកចិត្តដល់ម្ចាស់ផលិតកម្មឲ្យអនុវត្តយកស្តង់ដារ ដើម្បី ជំរុញនាំចូលទៅកាន់ផ្សារទំនើបឲ្យកាន់តែច្រើន។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៃទីស្រ្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ជុំវិញការផលិត និងវេចខ្ចប់របស់សមាជិកភូមិ១ ផលិតផល១ បច្ចុប្បន្នទទួលបានជោគជ័យក្នុងអាជីវកម្មជាច្រើន នៅក្នុងដំណើរការផលិត ក៏ដូចជាការចែកចែកទំនិញនៅតាមទីផ្សារផងដែរ ដោយតាមរយៈនេះបានបង្ហាញឲ្យឃើញពីការរីកចម្រើន នឹងមានការរំពឹងខ្ពស់ថា នៅពេលខាងមុខ ផលិតផលខ្មែរ របស់សមាជិកសហគមន៍ នឹងមានអ្នកស្គាល់កាន់តែច្រើន និងលក់ដាច់កាន់ តែច្រើនថែមទៀត។
ជុំវិញទីផ្សារនេះ, ឯកឧត្តមបណ្ឌិត បន្តថា ពាក់ព័ន្ធអ្នកបញ្ជាទិញសម្រាប់នាំចេញវិញ ពួកគេតែងតែដើរមើលទំនិញផ្សេងៗនៅ តាមទីផ្សារ ប្រសិនផលិតផលទាំងនោះមានដាក់លក់នៅលើទីផ្សារ ច្បាស់ជាផលិតផលមានសក្តានុពល ឬមានការគាំទ្រ។
មកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ ផលិតផល១ បានប្រមូលផ្តុំផលិតផលបានប្រមាណ ៦៨០ មុខទំនិញ ហើយក្នុងនោះការចូលជាសមាជិក នឹងបានកើនឡើងជាបន្តបន្ទាប់ ហើយរំពឹងថា នៅពេលខាងមុខ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងមានសមាជិក រាប់ពាន់ក្រុមហ៊ុន/សហគ្រាស ហើយមានផលិតផលកាន់តែច្រើនថែមទៀត សម្រាប់ការលក់នៅលើទីផ្សារ៕អត្ថបទ៖ សុន រ៉ាឌី
