ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ប្រចាំឆ្នាំនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយជំរុញឱ្យតំបន់នេះគ្មានអាវុធនុយក្លេអ៊ែរ។
សុន្ទរកថាបើកនៃកិច្ចប្រជុំនេះ ត្រូវបានបន្តដោយសម័យប្រជុំបិទទ្វាររវាងប្រទេសជាសមាជិក ដែលសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ ដែលមិនមានរដ្ឋណាមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំបានបានព្រមព្រៀងគ្នានោះ ត្រូវបានលើកយកទៅពិភាក្សា។
កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើឡើង ស្របពេលមានសម្ពាធដើម្បីដោះស្រាយវិបត្តិនយោបាយបង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនមានការទាមទារទឹកដីត្រួតស៊ីគ្នាជាមួយប្រទេសចិន។
អាស៊ានក៏នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននៅចុងសប្តាហ៍នេះផងដែរ ដោយមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov សុទ្ធតែបានគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ៕

