
យោងតាមសេវាកម្មសង្រ្គោះបន្ទាន់ក្នុងស្រុក បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះអាគារភូមិមួយខ្នងនៅក្នុងខេត្តភាគខាងត្បូង Guizhou(ហ្គីចូវ)ដោយបានសម្លាប់មនុស្សយ៉ាងហោច ២នាក់ និងមនុស្ស ៦នាក់ផ្សេងទៀត រងរបួស។
មន្ទីរគ្រប់គ្រងការសង្រ្គោះបន្ទាន់ស្រុក Leishan បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើបណ្តាញព័ត៌មានសង្គម WeChatថា អគ្គិភ័យនេះ បានឆាបឆេះនៅវេលាម៉ោង ៩និង ៥០នាទីព្រឹកថ្ងៃចន្ទ ត្រូវនឹងម៉ោង ១ និង ៥០នាទីម៉ោងសកល ហើយវាត្រូវបានពន្លត់បានទាំងស្រុងនៅរយៈពេលកន្លះម៉ោងក្រោយ បន្ទាប់ពីក្រុមសេវាកម្មសង្រ្គោះ បានរួសរាន់ទៅកាន់កន្លែងកើតហេតុ។ វីដេអូដែលបានបង្ហោះ ឃើញមនុស្សឈរនៅលើដំបូលអគារ ព្យាយាមរត់គេចចេញពីផ្សែង និងអណ្តាតភ្លើង។
សេចក្តីថ្លែងការណ៍នោះ បានបន្តទៀតថា ផ្ទះកសិដ្ឋានសង់ពីឈើ២ខ្នង បានរងការខូចខាតផងដែរ ហើយមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕