
អ្នកជំនាញមកពីប្រទេសហ្វីលីពីន និងហ្សុំប៊ីបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈី ដែលលែងដំណើរការ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយនិយាយថាទង្វើបែបនេះនឹងប៉ះពាល់ដល់មនុស្សជាតិទាំងអស់។
លោកស្រី Teresita Ang See អតីតប្រធានសមាគមហ្វីលីពីនសម្រាប់ការសិក្សាចិនបាននិយាយថា "ហ្វីលីពីនគួរតែរួបរួមគ្នាដើម្បីទប់ទល់នឹងបញ្ហានេះ ព្រោះយើងនឹងក្លាយជាប្រទេសទីមួយដែលរងគ្រោះពីបញ្ហានេះ។ ប្រជាជនរបស់យើងជាច្រើនពឹងផ្អែកលើជលផលសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ ហើយមិនត្រឹមតែប៉ុណ្ណោះ ថ្មប៉ប្រះទឹក និងប្រព័ន្ធសមុទ្ររបស់យើងគឺជាប្រភពនៃអេកូឡូស៊ីចម្រុះនៅក្នុងពិភពលោកទាំងមូល។ ដូច្នេះប្រសិនបើអ្នកបញ្ចេញទឹកប្រភេទនេះនៅក្នុងមហាសមុទ្រអាស៊ី នោះវាមិនមែនត្រឹមតែហ្វីលីពីន ឬអាស៊ីប៉ុណ្ណោះទេ ដែលនឹងត្រូវរងទុក្ខវេទនា ប៉ុន្តែមនុស្សជាតិទាំងមូលផងដែរ»។
ការលើកឡើងនេះត្រូវបានបន្ទរដោយលោក Freeman Mubanga ប្រធានផ្នែកស្រាវជ្រាវ និងសិក្សានៅមជ្ឈមណ្ឌលយុត្តិធម៌បរិស្ថានក្នុងប្រទេសហ្សុំប៊ីថា "យើងកំពុងនិយាយអំពីកាកសំណល់នុយក្លេអ៊ែរ និងបរិមាណនៃគ្រោះថ្នាក់ដែលអាចដាក់លើមនុស្ស ដែលចូលទៅដល់ប្រភពទឹក និងប្រព័ន្ធអេកូឡូស៊ី។ សារធាតុគីមីនឹងរីករាលដាលតាមពេលវេលា។ នេះជាបញ្ហាសកល ព្រោះយើងរស់នៅលើផែនដីរួមគ្នាតែមួយ"៕