អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) នឹងជួបក្រុមមេដឹកនាំសម្ព័ន្ធយោធាណាតូ ណាតូ(NATO) នៅថ្ងៃពុធនេះ បន្ទាប់ពីបណ្ដាមេដឹកនាំទាំងនោះ បានប្រកាសពីអនាគតនៃប្រទេសរបស់លោក ស្ថិតនៅក្នុងសម្ព័ន្ធភាពនេះ ប៉ុន្តែបានច្រានចោលការអំពាវនាវរបស់លោកចំពោះការកំណត់ពេលវេលានៃការចូលជាសមាជិកនៃអង្គការនេះ។

លោក Zelenskiy នឹងចូលរួមជំនួបជាមួយក្រុមមេដឹកនាំណាតូ នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលនេះនៅក្នុងទីក្រុងវីលនីញូស(Vilnius) សម្រាប់ការបើកសម័យប្រជុំនៃក្រុមប្រឹក្សា -ណាតូ អ៊ុយក្រែន ជាគណៈកម្មការមួយដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនទំនាក់ទំនង រវាងទីក្រុងគីវ និងសម្ព័ន្ធយោធាឆ្លងមហាសគរអាត្លង់ទិកដែលមានសមាជិក៣១ប្រទេស។
លោកក៏នឹងជួបលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងចំនួបដាច់ដោយឡែកផងដែរ ខណៈលោកព្យាយាមស្វែងរកជំនួយគ្រឿងសព្វាវុធនិងគ្រាប់រំសេវបន្ថែមទៀតពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអង្គការណាតូផ្សេងទៀត ដើម្បីប្រយុទ្ធក្នុងសង្រ្គាមបង្កឡើងដោយការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ២០២២។

យោងតាមក្រុមមន្ត្រី មានការរំពឹងទុកថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្ដល់ការធានាគាំទ្រសន្តិសុខរយៈពេលយូរ ក្នុងការផ្ដល់អាវុធទំនើប បណ្ដុះបណ្ដាល និងជំនួយយោធាផ្សេងទៀត ឆាប់ៗតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនេះ ៕