វិភាគ៖ បន្ទាប់ពីកំណត់គោលនយោបាយដាក់ឲ្យប្រទេសទួរគីនៅឆ្ងាយពីសម្ព័ន្ធមិត្តលោកខាងលិច ប្រធានាធិបតីលោក Tayyip Erdogan បានផ្លាស់ប្ដូរគោលនយោបាយ ជាមួយនឹងការសម្រេច ដែលធ្វើឲ្យសហរដ្ឋអាមេរិកពេញចិត្ត ហើយផ្ដល់ការខកចិត្តដល់រុស្ស៊ី ដែលបញ្ហានេះគឺជាការបត់បែនមួយ ដែលត្រូវបានគេមើលឃើញថា មានគោលបំណងមួយផ្នែក ដើម្បីបង្វែរសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងតែធ្លាក់ចុះ ឲ្យងើបឡើងវិញ និងជំរុញឲ្យមានការវិនិយោគពីបរទេស។

ការគិតគូរពីគោលនយោបាយការបរទេសឡើងវិញនេះ គឺជាផ្នែកមួយនៃការកែសម្រួលយ៉ាងទូលំទូលាយរបស់លោក Erdogan រយៈពេល ៦សប្តាហ៍ បន្ទាប់ពីរូបលោកជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀតពោលគឺលោកក៏បានផ្លាស់ប្តូរទិសដៅលើសេដ្ឋកិច្ចផងដែរ ដោយក្រឡាស់គោលនយោបាយហិរញ្ញវត្ថុតឹងរ៉ឹងជ្រុល ដែលត្រូវបានរិះគន់ថា បានធ្វើឲ្យមានអតិផរណាមិននឹងន និងរូបិយប័ណ្ណធ្លាក់ចុះ ក្នុងប្រទេសទួរគី។
ចំណងទាក់ទងរបស់លោក Erdogan ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ផ្ដើមមានសម្ពាធ ដោយសារទំនាក់ទំនងរបស់ប្រទេសទួរគីជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលមានរយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងកត្តាផ្សេងៗទៀត ដោយក្នុងនោះរួមទាំងក្ដីបារម្ភអំពីការគ្រប់គ្រងតាមបែបអត្តាធិបតេយ្យដែលកើនឡើងជាលំដាប់របស់លោកផងដែរ។
ប៉ុន្តែការយល់ព្រមរបស់លោក Erdogan កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ដើម្បីឲ្យប្រទេសស៊ុយអែតបានចូលរួមជាមួយអង្គការណាតូ ពោលគឺជាការសម្រេចដែលរូបលោកបានប្រឆាំងអស់រយៈជាច្រើនខែនោះ ត្រូវបានស្វាគមន៍ដោយមេដឹកនាំលោកខាងលិច ដែលបានប្រឹងប្រែងពង្រឹងសម្ព័ន្ធភាព បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែន។

បន្ទាប់ពីមាននូវការកែប្រែដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទួរគី ក្រុមអ្នកវិភាគជឿថា ការសម្រេចរបស់លោក Erdogan ដោយក្នុងនោះរួមទាំងការប្រកាសគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្នុងការចូលជាសមាជិករបស់អង្គការណាតូផងដែរ មិនមែនជារឿងចៃដន្យនោះឡើយ។
លោក Galip Dalay នៅវិទ្យាស្ថានស្រាវជ្រាវ Chatham House បាននិយាយថា៖ «មានការយល់ឃើញមួយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថា ទំនាក់ទំនងរវាងទួរគី និងរុស្ស៊ី កាន់តែមានគម្លាតឆ្ងាយទៅៗហើយ។ នេះបង្ហាញពីការរៀបចំតុល្យភាពថ្មីយ៉ាងច្បាស់លាស់»៕