ចិន៖ ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ជាថ្មីម្តងទៀត បានជំរុញឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការរបស់ខ្លួន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ នៅឯកិច្ចប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុម័តលើលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន។ ដោយថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីលទ្ធផលនៃប្រព័ន្ធត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន អ្នកការទូតចិន បានបញ្ជាក់អះអាងជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់ប្រទេសចិន ដើម្បីឲ្យប្រទេសជប៉ុនបញ្ឈប់ផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។
អ្នកការទូតចិនបានជំរុញឲ្យប្រទេសជប៉ុនបោះបង់ចោលនូវផែនការនេះ តាមលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព និងតម្លាភាព ហើយសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីដាក់ចេញយន្តការត្រួតពិនិត្យអន្តរជាតិរយៈពេលវែង ដែលពាក់ព័ន្ធនឹងប្រទេសជិតខាងរបស់ជប៉ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកការទូតបានចង្អុលបង្ហាញថា ក្រៅពីមិនគិតគូដល់ការខាតបង់ផ្នែកសេដ្ឋកិច្ច ប្រទេសជប៉ុនធ្វើមិនដឹងមិនលឺនឹងកង្វល់ និងការប្រឆាំងរបស់សហគមន៍អន្តរជាតិ ហើយការបន្តបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ារាប់លានតោនទៅក្នុងសមុទ្រ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ គឺស្មើនឹងចាត់ទុកមហាសមុទ្រប៉ាស៊ីហ្វិកដូចជា «លូបង្ហូរទឹកសំអុយ»៕


