ណាតូ៖ ក្រុមមេដឹកនាំសម្ព័ន្ធភាពយោធាណាតូ បាននិយាយកាលពីថ្ងៃអង្គារទី១១កក្កដា ថា អ៊ុយក្រែន គួរតែអាចចូលជាសាជិករបស់សម្ព័ន្ធភាពយោធានេះ នៅថ្ងៃណាមួយ នាពេលអនាគត ប៉ុន្តែមេដឹកនាំទាំងនោះ ពុំបានការផ្ដល់ការអញ្ជើញទីក្រុងគីវ ភ្លាមៗ ដែលធ្វើឲ្យប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ផ្ទុះកំហឹង។

ក្រុមមេដឹកនាំទាំងនោះ កំពុងជួបប្រជុំនៅឯជំនួបកំពូលក្នុងរដ្ឋធានី វីលនីញូស របស់ប្រទេស លីទុយអានី ខណៈទាហានអ៊ុយក្រែន ព្យាយាមវាយដណ្ដើមដែនដីមកវិញ ក្នុងការវាយបកលើកងកម្លាំងរបស់រុស្ស៊ី ដែលកំពុងកាន់កាប់តំបន់មួយចំនួនរបស់ប្រទេសនេះ ។
ក្រុមមេដឹកនាំណាតូ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អនាគតរបស់អ៊ុយក្រែន ស្ថិតក្នុងសម្ព័ន្ធភាពណាតូ ប៉ុន្តែមេដឹកនាំទាំងនោះពុំបានបញ្ជាក់ពីពេលវេលាសម្រាប់ដំណើរការចូលជាសមាជិកនោះទេ។
សេចក្ដីថ្លែងការណ៍នោះ បាននិយាយ ដោយពុំបានបញ្ជាក់ច្បាស់ពីលក្ខខណ្ឌរបស់អ៊ុយក្រែន ថា យើងនឹងរក្សាជំហរផ្តល់ការអញ្ជើញ ដល់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសម្ព័ន្ធនេះ នៅពេលណាប្រទេសជាសមាជិកសម្ព័ន្ធទាំងអស់ឯកភាព និងលក្ខខណ្ឌនានាត្រូវបានបំពេញ៕
