រាជធានីភ្នំពេញក្នុងមួយថ្ងៃៗមានសំរាមប្រមាណ ៣ ៥៥០តោន ត្រូវបានប្រមូលយកទៅចាក់នៅទីលានទុកដាក់សំរាម ដែលបញ្ហានេះ គឺបន្ទុកមួយដ៏សំខាន់ដែលរដ្ឋបាលរាជធានីបានយកចិត្តទុកដាក់។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញលើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣ ៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរ ចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន១០០%។
ការកោតសរសើរ នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញក្រៅពីអនុវត្តការងារខាងលើបានល្អហើយ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ ក៏បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ០៩លើក ដោយសមត្ថកិច្ចបង្ក្រាបបាន ២២០ករណី ឃាត់ខ្លួនបាន ៣៥៦នាក់ ដែលធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាននូវកិច្ចដំណើរការ នៃព្រឹត្តិការណ៍ធំៗ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរ។
ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់គ្រប់គណបក្សនយោបាយក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧បានល្អប្រសើរប្រព្រឹត្តក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមគំហែង។ នេះជាផ្លែផ្កាគួរមោទនភាព ដែលសម្រេចបានលើគ្រប់វិស័យក្នុងរយៈពេល០៦ដើមឆ្នាំ២០២៣នេះ និងបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការ និងប្រជាជនក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែរដ្ឋបាលរាជធានីក៏ត្រូវមានការកែសម្រួលការងាររបស់ខ្លួនខ្លះដែរ ដើម្បីទទួលបានលទ្ធផលល្អបន្ថែមទៀត។
ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើ គឺជាការលើកទឹកចិត្ត ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញអនុវត្តការងារទាំងនេះឱ្យកាន់តែល្អប្រសើរថែមទៀត ចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានីឱ្យមានការកែសម្រួលការងាររបស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញបានបំពេញចំណុចខ្វះខាតផងដែរ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា









