ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្វែងរកមធ្យោបាយភ្លាមៗបញ្ឈប់អំពើហិង្សារវាងអ៊ីស្រាអែល និងបណ្ដាមេដឹកនាំក្រុមហាម៉ាស់របស់តំបន់ហ្គាហ្សា។ លោកក៏បានស្ដីបន្ទោសសហរដ្ឋអាមេរិកផងដែរ ចំពោះកង្វះចំណាត់ការរបស់ក្រុមប្រឹក្សានេះ។
ប្រមុខការទូតចិនរូបនេះបានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យកែប្រែជំហររបស់ខ្លួនលើភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក Wang Yi បាននិយាយថា យើងសូមបញ្ជាក់ជាថ្មីពីការអញ្ជើញរបស់យើង ចំពោះក្រុមបង្កើតសន្តិភាពពីភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែលធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចចរចា និងស្វាគមន៍ក្រុមអ្នកចរចាប៉ាឡេស្ទីន និងអ៊ីស្រាអែលក្នុងការរៀបចំកិច្ចពិភាក្សាដោយផ្ទាល់នៅក្នុងប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានដកស្រង់ស្ដីរបស់លោក Wang ដែលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi ថា គួរឲ្យសោកស្ដាយ ក្រុមប្រឹក្សាសន្តិសុខពុំបានឈានដល់សម្រេចបានកិច្ចព្រមព្រៀង ខណៈដែលសហរដ្ឋអាមេរិកនៅតែឈរលើ គោលការណ៍បដិសេធលើយុត្តិធម៌អន្តរជាតិ៕
អត្ថបទ៖ សុខមាន