
ក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់ចិន បាននិយាយនៅថ្ងៃពុធទី១២ ខែកក្កដានេះថា លោក ចន ឃើរី (John Kerry) បេសកជនពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់លោកឃើរី ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមមន្ត្រីការបរទេស Antony Blinken កាលពីខែមុន ហើយនឹងកើតឡើងមួយសប្តាហ៍ បន្ទាប់ពីការចាកចេញរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen។
ដោយមើលឃើញពីទំហំសេដ្ឋកិច្ចរបស់ពួកគេ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានចាត់ទុកថា មានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតនៃបម្រែបម្រួលអាកាសធាតុ។ ខណៈនៅទីក្រុងប៉េកាំង លោកស្រី Yellen បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើបញ្ហានេះ។.
ប្រទេសចិន និងអាមេរិក គឺជាប្រភពនៃការបំភាយកាបូនឌីអុកស៊ីតដ៏ធំបំផុតរបស់ពិភពលោក ហើយកិច្ចសហប្រតិបត្តិការរបស់ពួកគេ ត្រូវបានមើលឃើញថា ជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដី។
ប៉ុន្តែខណៈដែលលោកឃើរី បានប្រឹងប្រែងការពារអាកាសធាតុពីភាពតានតឹងផ្នែកការទូតកាន់តែទូលំទូលាយរវាងភាគីទាំងពីរ កិច្ចពិភាក្សាផ្លូវការ ត្រូវបានផ្អាកកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់៕