ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ បានឧបត្ថម្ភធុនជំនួសលើវិស័យអគ្គិសនី ចំនួន ១៥០ លានដុល្លារអាមេរិក ស្របពេលថ្លៃ ដើមផលិតបានហក់ឡើងខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លើកឡើងថា គោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺមិនឲ្យថ្លៃភ្លើងឡើងចំពោះប្រជាជន អ្នកធ្វើ សេវាកម្ម រោងចក្រ សហគ្រាស រួមទាំងវិស័យកសិកម្មផងដែរ។ ដូច្នេះថ្លៃអគ្គិសនីរបស់កម្ពុជា នៅតែមានតម្លៃទាប ។ គិតក្នុងបំណាច់ឆ្នាំ ២០២៣ នេះ អគ្គិសនីកម្ពុជា នឹងខាតថវិការ ក្នុងរង្វង់ប្រមាណ ១៥០ លានដុល្លាអាមេរិក នេះជាបន្ទុកឧបត្ថម្ភធុនជំនួសរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម បន្តថា ពាក់ព័ន្ធការខាងបង់ក្នុងវិស័យអគ្គិសនីនេះ គឺដោយសាររាជរដ្ឋាភិបាលមានគោលការណ៍មិនឡើងថ្លៃអគ្គិសនី ដើម្បីធ្វើយ៉ាងណា គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីស្ថិរភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន និងស្របពេលថ្លៃ នៃការផលិតបានហក់ឡើងខ្ពស់។ ជាក់ស្តែងគោលនយោបាយជួយចេញខាតជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគនេះ គឺបានដោះស្រាយជូន ប្រជាពលរដ្ឋមួយជំហ៊ានធំ ក្នុងនោះសម្រាប់ពេលខាងមុខ រាជរដ្ឋាភិបាលនៅបន្តការខិតខំប្រឹងប្រែង ធ្វើយ៉ាងណាមិនឲ្យអគ្គិសនីឡើងថ្លៃ។
ទាក់ទិនវិស័យអគ្គិសនីនេះ, ឯកឧត្តម កែវ រតនៈ បញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ថ្លៃអគ្គិសនីនៅលើពិភពលោក ក៏ដូចនៅក្នុងតំបន់ អាស៊ានមួយចំនួន បានកំពុងបន្តឡើងថ្លៃ ជាក់ស្តែងនៅប្រទេសវៀតណាមជាដើម បានកំពុងខ្វះថាមពលសម្រាប់ការផ្គត់ផ្គង់ និងកំពុងដំ ឡើងថ្លៃអគ្គិសនីផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី