ភ្នំពេញ៖ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងភាពរីកចម្រើនបន្តទៀត។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រមាណ ៥០០នាក់ ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពន្យល់ណែនាំឲ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីបន្តរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងសម្ដែងនូវការដឹងគុណចំពោះការជួយសង្រ្គោះប្រជាជនចេញពីរបបវាលពិឃាដ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ។
ឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩,ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំខ្លួនអំពីជីវប្រវត្តិរបស់ឯកឧត្តមផ្ទាល់ ជាពិសេសប្រវត្តនៃការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការកសាងជាតិមាតុភូមិ និងបម្រើប្រជាជន ព្រមទាំងបានធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស ដោយបានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសារលម្អិតកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ជាពិសេសបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ៕





