
អាស៊ាន និងប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ (១៣ កក្កដា)នេះ បានជំរុញឱ្យពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រដើម្បី "ដោះស្រាយបញ្ហាប្រឈមជាសកល" ស្របពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំរបស់ប្លុកនេះនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar បានបញ្ជាក់ពីការទទួលស្គាល់ភាពជាកណ្តាលរបស់អាស៊ានក្នុងអំឡុងសន្និសីទក្រោយថ្នាក់រដ្ឋមន្ត្រី ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់របស់វាចំពោះចក្ខុវិស័យរបស់បណ្ដាប្រទេសក្នុងតំបន់។
កិច្ចប្រជុំប្រចាំឆ្នាំនេះ ដែលមានការចួលរួមផងដែរពីមហាអំណាចធំៗដូចជា ចិន និងរុស្ស៊ី បានធ្វើឡើងនៅពេលដែលការសង្ស័យលើភាពជឿជាក់ និងការរួបរួមរបស់ប្លុកនេះក្នុងការដោះស្រាយបញ្ហាប្រឈមដ៏អាក្រក់បំផុតនៅក្នុងតំបន់មានការកើនឡើង។
អាស៊ានក៏នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននៅថ្ងៃសុក្រ (១៤ កក្កដា) ដោយមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ទាំងពីរគ្រោងនឹងចូលរួមផងដែរ៕