
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) នេះ ថា ប្រទេសរបស់លោកនឹងពង្រីកភាពជាដៃគូជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឯកិច្ចប្រជុំជាមួយសមភាគីអាស៊ីអាគ្នេយ៍របស់លោក។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son( បួយ ចាញ់ស៊ើន) បាននិយាយថា អាស៊ានស្វាគមន៍ការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូង ក្នុងការកសាងភាពជាដៃគូឲ្យកាន់តែរឹងមាំជាមួយប្លុក។
ប្រទេសកូរ៉េខាងត្បូងគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អាស៊ាន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់ប្លុក និងជាប្រភពធំបំផុតទី៧ នៃការវិនិយោគផ្ទាល់ពីបរទេស សម្រាប់តំបន់។
ជាមួយគ្នានេះ អាស៊ានក៏នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែកក្កដា) និងថ្ងៃសុក្រ (ទី១៤ ខែកក្កដា) ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov គ្រោងនឹងចូលរួមផងដែរ៕