ស៊ីរី៖ រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ កក្កដា) បាននិយាយថា អង្គការសហប្រជាជាតិ អាចប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែនពីប្រទេសទួរគី ដើម្បីបន្តផ្តល់ជំនួយដល់ប្រទេសស៊ីរីភាគពាយព្យសម្រាប់រយៈពេល៦ខែទៀត បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានបរាជ័យក្នុងការបន្តការអនុញ្ញាតសម្រាប់ប្រតិបត្តិការនេះ។
ឯកអគ្គរដ្ឋទូតរបស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក បាសាម សាបបាហ្គ ( Bassam Sabbagh) បានសរសេរក្នុងលិខិតមួយច្បាប់កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលឃើញដោយទីភ្នាក់ងារព័ត៌មានReutersថា ការផ្តល់ជំនួយរបស់UN នឹងត្រូវតែស្ថិតក្នុងកិច្ចសហប្រតិបត្តិការពេញលេញ និងការសម្របសម្រួលជាមួយរដ្ឋាភិបាលស៊ីរី" ។
ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខUN សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមានមូលដ្ឋាននៅប្រទេសទួរគីដែលផ្តល់ជំនួយដល់មនុស្សជាច្រើនលាននាក់នៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដែលកាន់កាប់ដោយក្រុមឧទ្ទាម បានផុតកំណត់កាលពីថ្ងៃចន្ទ ខណៈដែលសមាជិក បានតស៊ូដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីឱ្យបន្តវាលើសពីរយៈពេល៦ខែ។
ប្រទេសរុស្ស៊ី បានវេតូការបន្តការអនុញ្ញាតរយៈពេល៩ខែនៅក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអង្គារ ហើយបន្ទាប់មកបានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនសម្រាប់ការបន្តប្រតិបត្តិការរយៈពេល៦ខែ ដែលបាននិងកំពុងផ្តល់ជំនួយរួមទាំងអាហារ ថ្នាំពេទ្យ និងទីជម្រក ចាប់តាំងពីឆ្នាំ២០១៤មក៕
