បាល់ទាត់៖ ការប្រកួតវគ្គ Play-Off រកកៅអីឡើងមក English Premier League បានចាប់ផ្តើមហើយយប់មិញដោយ Bournemouth និង Swansea សុទ្ធតែឈ្នះនៅជើទី១។ Bournemouth ជាក្រុមលេខ ៦ ក្នុងតារាងបើកទ្វារផ្ទះទទួល Brentford ដែលក្រុមលេខ ៣ ក្នុងតារាង។

គ្រាប់បាល់របស់ Arnaut Danjuma ជាអ្នកស៊ុតបញ្ចូលទី ១គ្រាប់ជ័យជំនះឲ្យ Bournemouth ក្រោមក្រសែភ្នែកទស្សនិកជនក្រុមម្ចាស់ផ្ទះដែលត្រូវបានកំណត់ត្រឹម ២ពាន់នាក់។ ក្រុមភ្ញៀវ Brentford មានការគ្រប់គ្រងបាល់ និងមានឱកាសច្រើនជាងក្រុមម្ចាស់ផ្ទះតែរកគ្រាប់បាល់មិនបាន ដែលធ្វើអោយក្រុមអតីតខ្សែការពារ Real Madrid, Jonathan Woodgate កាន់ ១គ្រាប់ចំណេញមុនត្រលប់ទៅទឹកដី Brentford វិញចុងសប្តាហ៍នេះ។ នេះជាបរាជ័យដំបូងរបស់ Brentford ក្នុង ១៣ប្រកួតចុងក្រោយ ស្របពេល Bournemouth ស្គាល់ឈ្នះលើកដំបូងក្រោយចាញ់ ៣ប្រកួតចុងក្រោយ។
ងាកមកមួយប្រកួតទៀត Barnsley ក្រុមលេខ ៥ ក្នុងតារាងទទួលភ្ញៀវ Swansea ជាក្រុមលេខ ៤ ក្នុងតារាង។ Andre Ayew ជាអ្នករកបានគ្រាប់ជ័យជំនះអោយ Swansea ក្នុងដំណើរស្វែងរកកៅអីឡើងមក Premier League តាំងពីធ្លាក់ទៅ League Championship ឆ្នាំ២០១៨។ ចំណែក Barnsley ខកខានលេងនៅក្របខណ្ឌកំពូលអង់គ្លេសតាំងពីរដូវកាល ១៩៩៧-៩៨។ ក្រុមទាំងពីរនឹងជួបគ្នាជើងទី២ នៅទឹកដី Swansea វិញថ្ងៃសៅរ៍នេះ ដើម្បីរកកៅអីឡើងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៩ ចុងខែនេះនៅកីឡដ្ឋាន Wembley៕
អត្ថបទ៖នាង សុភាវុធ