អូឡាំពិក៖ មនុស្សប្រមាណ ៣០នាក់បានជួបជុំគ្នានៅស្ថានីយរថភ្លើងក្នុងទីក្រុងតូក្យូ ដើម្បីប្រឆាំងតវ៉ាមិនចង់អោយមានការរៀបចំ ព្រឹត្តិការណ៍អូឡាំពិករដូវកាលក្តៅ។ បាតុកម្មចាប់ផ្ដើមផ្ទុះឡើងបណ្ដើរៗហើយ ដែលទង្វើនេះបន្ទាប់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បានលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួន មកកាន់ទីក្រុងតូក្យូដោយសារតែវិបត្តិ Covid-19 ប្រទេសជប៉ុន។

លោកតា Hiroshi Hoshino វ័យ ៧១ឆ្នាំបាននិយាយថា លោក Thomas Bach មិនមកក៏ព្រោះតែស្ថានភាពជំងឺ Covid-19 នៅទីនេះកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ហើយច្បាស់ណាស់ថា ប្រជាជនជប៉ុនជាច្រើនមិនចង់អោយមាន ការរៀបចំអូឡាំពិករដូវក្តៅនេះឡើយ។ បើយោងតាមការស្ទង់មតិដែលបានចុះផ្សាយដោយកាសែត Asahi បានឲ្យដឹងថា មនុស្ស ១៥២៧នាក់ដែលត្រូវបានស្ទង់មតិនោះមានជាង ៨០% ទៅហើយដែលចង់ឲ្យអូឡាំពិកលុបចោល រឺលើកពេលទៅមុខទៀត។ កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលជប៉ុនបានប្រកាសពន្យារពេល ការដាក់ប្រទេសក្នុងគ្រាអាសន្ននៅទីក្រុងតូក្យូ និងតំបន់ចំនួន ៥ ផ្សេងទៀត បន្ទាប់ពីជប៉ុនកំពុងរងគ្រោះនៃការឆ្លងរីករាលដាលមេរោគ Covid-19 បម្លែងខ្លួនពីចក្រភពអង់គ្លេស។
តំបន់បន្ថែមចំនួន ៣ រួមមានកោះ Hokkaido, Hiroshima និង Okayama នឹងចូលរួមជាមួយទីក្រុង Tokyo និង Osaka និងខេត្តចំនួន ៤ផ្សេងទៀតដែលសុទ្ធតែទីតាំងប្រកួតអូឡាំពិកនោះ សុទ្ធតែស្ថិតនៅក្រោមការរឹតត្បិត ដើម្បីទប់ស្កាត់ការចម្លងរហូតដល់ថ្ងៃទី៣១ ខែឧសភា។ រង្គសាល ហាងខារ៉ាអូខេ និងកន្លែងកម្សាន្តភាគច្រើនត្រូវបិទទ្វារ។ ម្ចាស់អាជីវកម្មដែលគោរពតាមនឹងទទួលបានសំណង ឯអ្នកដែលមិនគោរពប្រឈមនឹងការពិន័យ។ ជប៉ុនមកដល់ពេលនេះមានអ្នកឆ្លង Covid-19 សរុបជិត ៧០ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ១ម៉ឺននាក់៕
អត្ថបទ៖នាង សុភាវុធ