ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ទឹកជំនន់ដ៏គំហក់ បានធ្វើឲ្យរថយន្ត និងប្រជាពលរដ្ឋជាប់ក្នុងទឹកហូរនៅទីក្រុង Chongqing និងតំបន់ម៉ុងហ្គោលីក្នុង ខណៈដែលតំបន់ផ្សេងទៀតនៅក្នុងប្រទេសចិន ជួបរលកកម្តៅ ។
ទឹកជំនន់ដ៏គំហុកបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើនរបស់ចិនរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ក្នុងនោះទីក្រុង Chongqing( ឆុងឈីង) រងផលប៉ះពាល់ខ្លាំងជាងគេរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
CCTV រាយការណ៍ថា តំបន់ម៉ុងហ្គោលីក្នុង ស្ថិតនៅភាគខាងជើងប្រទេសចិន បានរងផលប៉ះពាល់ដោយសារតែព្យុះភ្លៀងខ្លាំងកាលពីថ្ងៃសុក្រ ហើយអ្នកស្រុកមួយចំនួន ត្រូវបានជួយសង្រ្គោះពីផ្ទះរងការជន់លិចរបស់ពួកគេ ដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងស្រុក ។
ស្របពេលដែលក្រុមអាជ្ញាធរចេញផែនការសង្រ្គោះបន្ទាន់ និងព្រមានពីការជន់លិច និងបំណាក់ដីនៅតាមតំបន់មួយចំនួននោះ មន្ទីរឧតុនិយមជាតិ បានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌លឿង សម្រាប់រលកកម្តៅនៅទូទាំងប្រទេស ក្នុងនោះសីតុណ្ហភាពបានឡើងដល់ ៤៥អង្សាសេនៅខេត្តហ្សីនជាំង ប្រទេសចិន៕

