ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃសៅរ៍ថា ភ្លើងឆេះព្រៃនៅទីក្រុង La Palmaស្ថិតក្នុងកោះ Canary ដែនដីរបស់ប្រទេសអេស្ប៉ាញ បានបង្ខំឲ្យមនុស្សជាង ២ពាន់នាក់ជម្លៀសខ្លួន ស្របពេលដែលកោះមួយនេះ ជួបវិបត្តិធម្មជាតិជាលើកដំបូង ចាប់តាំងពីបន្ទុះភ្នំភ្លើងកាលពីឆ្នាំ ២០២១ ។
ភ្លើងឆេះព្រៃ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍ នៅតំបន់ Pinar de Puntagorda ដែលជាដីព្រៃនៅភាគខាងជើង កោះ Canary ស្របពេលដែលទីក្រុងជាច្រើននៅអឺរ៉ុប ប្រឈមនឹងរលកកម្តៅក្តៅខ្លាំងបំផុតនៅសប្តាហ៍ខាងមុខនេះ ។
ដីព្រៃប្រហែល ១៤០ហិចតា បានរងផលប៉ះពាល់ដោយសារតែភ្លើងឆេះព្រៃ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃនេះ គេនៅពុំទាន់ដឹងភ្លាមៗនោះទេ ។
ក្រុមអាជ្ញាធរនៅលើកោះមួយនេះ កំពុងស្វែងរកជំនួយពីកោះផ្សេងទៀតនៅក្នុងប្រជុំកោះ ដូចជាកោះ Gomera និងកោះ Tenerife ។
គួររំឭកថា កាលពីខែកញ្ញា ឆ្នាំ ២០២១ អគារជាង ២ពាន់ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ ពេលដែលកម្អែភ្នំភ្លើង ចាប់ផ្តើមហូរចេញពីមាត់ភ្នំភ្លើង Cumbre Vieja៕

