អាមេរិក៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាថ្ងៃទី ១៧ជាប់ៗគ្នានៃសីតុណ្ហភាពកើនឡើងជាង ៤៣អង្សាសេរនោះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់សួនទឹកដើម្បីរកទីកន្លែងត្រជាក់ ។
លោក Mike Qurin គឺជាប្រជាពលរដ្ឋវ័យ ៤០ឆ្នាំ ដែលបានទៅលេងសួនទឹកជាមួយកូនប្រុសរបស់គាត់ ដើម្បីទប់ទល់នឹងរលកកម្តៅនោះ បាននិយាយថា វាពិតជាវេទនាខ្លាំងណាស់ពេលនៅខាងក្រៅ លុះត្រាតែអ្នកនៅកន្លែងណាដែលមានទឹក ហើយជាការពិតណាស់ថា វាគ្មានសុវត្ថិភាពទាល់តែសោះ ។

ចំណែកឯអ្នកស្រី Lauren Stewart បាននៅទីនោះផងដែរជាមួយកូនតូចរបស់គាត់ ។ អ្នកស្រីនិយាយថា បម្រែបម្រួលអាកាសធាតុ គឺជាដើមហេតុនាំឲ្យសីតុណ្ហភាពក្តៅខ្លាំងបែបនេះ ។ អ្នកស្រីពន្យល់ថា ជាច្រើនឆ្នាំមកហើយដែលពួកយើងនៅតែកន្លែងត្រជាក់ និងជាកន្លែងសើម ប៉ុន្តែពេលនេះ វាប្រែទៅជាក្តៅខ្លាំង គឺក្តៅខ្លាំងជាងពេលណាៗទាំងអស់ ។
ការព្យាករណ៍អាកាសធាតុនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ទីក្រុង Phoenixនឹងបំបែកកំណត់ត្រាសីតុណ្ហភាពជាង ៤៣អង្សាសេ រយៈពេល ១៨ថ្ងៃជាប់ៗគ្នា ដែលធ្លាប់បានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ ១៩៧៤ ៕
