
មន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ស្ពានគ្រីម៉េ (Crimea) ដែលជាផ្លូវដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតក្នុងស្ថានភាព«គ្រាអាសន្ន»ដែលបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងក្មេងម្នាក់រងរបួស ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការបំផ្ទុះនៅលើស្ពាននេះ។
ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា ចរាចរណ៍ត្រូវបានបញ្ឈប់ពីការប្រើប្រាស់ស្ពានដែលសាងសង់ដោយរុស្ស៊ីតភ្ជាប់ពីប្រទេសរុស្ស៊ីទៅកាន់តំបន់គ្រីម៉េ ដែលទីក្រុងមូស្គូ បានដណ្តើមយកកាលពីឆ្នាំ២០១៤។ វីដេអូរបស់សារព័ត៌មានReuters បានបង្ហាញថា ពុំមានការធ្វើចរាចរណ៍ នៅលើស្ពាននេះទេ។
ស្ពានផ្លូវ និងផ្លូវដែកប្រវែង ១៩គីឡូម៉ែត្រ (១២ម៉ាយ) គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមោទនភាពរបស់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែលបានបើករថយន្ត Mercedes ឆ្លងកាត់ស្ពាន ក្នុងឆ្នាំ២០២២ បន្ទាប់ពីវាត្រូវបានជួសជុល បន្ទាប់ពីមានការផ្ទុះ។
លោក Sergei Aksyonov ជាអភិបាលដែលតែងតាំងដោយរុស្ស៊ី បាននិយាយថា ភាពអាសន្នបានកើតឡើងនៅលើសសរទី១៤៥របស់ស្ពានដែលតភ្ជាប់ឧបទ្វីបគ្រីម៉េទៅកាន់តំបន់ក្រាស្នូដារ(Krasnodar) របស់រុស្ស៊ី។ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បានឲ្យដឹងថា មានការខូចខាតផ្លូវនៅលើស្ពានដែលទៅជិតឧបទ្វីបគ្រីម៉េ ប៉ុន្តែមិនមានការខូចខាតដល់សសរនោះទេ។ ក្រសួង មិនបាននិយាយថា អ្វីដែលបានបណ្ដាលឲ្យខូចខាតនោះទេ៕