ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ លោកជំទាវ ហ្វ្លរិន ប៊ើគី អាខូនើ (Florence Buerki Akonor) ឯកអគ្គរដ្ឋទូតហ្គាណាប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ នៅទីស្តីការក្រសួង។
ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវថា យុទ្ធសាស្ត្រនៃវិស័យកសិកម្មកម្ពុជា គឺមិនផ្តោតសំខាន់លើការបង្កើនបរិមាណនោះទេ តែយកចិត្តទុកដាក់ជាសំខាន់លើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងមានតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ចំណុចសំខាន់មួយទៀត គឺពិចារណាលើការពិនិត្យលទ្ធភាពការនាំចេញស្រូវ និងការកែច្នៃជាអង្ករសម្រាប់នាំចេញ ដែលផ្តល់នូវអត្ថប្រយោជន៍ផ្សេងគ្នា។ ឯកឧត្តម បានបន្ថែមថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូរ គឺកម្ពុជាប្រកាន់ជំហរលើគោលការណ៍ស្មើភាពទាំងទុនវិនិយោគ និងផលប្រយោជន៍។
តាមរយៈជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីបទពិសោធរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ដំណាក់អសន្តិសុខស្បៀងអំឡុងឆ្នាំ១៩៩៣ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសនាំអង្ករចេញធំៗទាំង១០លើសាកលលោកនាពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តទៀតថា ចំពោះគោលនយោបាយកសិកម្មកម្ពុជា ក្នុងការធ្វើសហប្រតិបត្តិការវិនិយោគក្រៅប្រទេស និងការចូលរួមធានានូវសន្តិសុខស្បៀងពិភពលោក គឺស្របតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ដូចជាកិច្ចសហការវិនិយោគនៅប្រទេសគុយបា និងកូឌវ័រ ដែលអ្នកវិនិយោគកម្ពុជាធ្វើការវិនិយោគផ្ទាល់ក្នុងប្រទេសទាំងនេះតែម្តងសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញអង្ករផងដែរ ដោយកម្ពុជាផ្តល់ទាំងពូជ និងបច្ចេកទេស។
ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការប្រព្រឹត្តទៅរលូន និងជោគជ័យពិតប្រាកដ គឺទាមទារឱ្យមានសន្តិសុខ ស្ថិរភាព និងការសម្របសម្រួលទាំងទិដ្ឋភាពច្បាប់ នយោបាយ និងបច្ចេកទេស ហើយរវាងកម្ពុជា និងហ្គាណា គឺជាឱកាស និងមានសញ្ញាល្អ ដោយសារមានរបបគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពភូមិសាស្ត្រ អាកាសធាតុប្រហាក់ប្រហែលគ្នា ដែលអំណោយផលដល់ការធ្វើផលិតកម្មកសិកម្ម ពិសេសគោលដៅលើដំណាំស្រូវ។
តាមក្រសួងកសិកម្ម បានបញ្ជាក់ក្រោយចប់ជំនួបនេះថា នៅជំហានបន្ទាប់ ភាគីកម្ពុជា និងហ្គាណា អាចនឹងចាប់ផ្តើមរៀបចំឱ្យមានកិច្ចប្រជុំបន្តតាមប្រព័ន្ធវីដេអូ (Zoom) ដើម្បីស្វែងយល់ពីគ្នាបន្ថែមទៀត និងគិតគូរលើការរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់ MOU រវាងកម្ពុជា និងហ្គាណា ដោយផ្តោតទៅលើអ្វីដែលយើងចង់សម្រេចបាន ភាគីពាក់ព័ន្ធ និងសិក្សាឱ្យបានច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងបង្កលក្ខណៈងាយស្រួល និងឱ្យមានជំនឿទុកចិត្តពីវិស័យឯកជនលើស្ថិរភាព និងផលចំណេញ៕ ដោយ ៖ បូរ៉ាវី




