កណ្ដាល៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងខិតខំបម្រើប្រជាពលរដ្ឋ ដែលស្ដែងចេញតាមរយៈការថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំប្រាសាទ ស្រុកស្អាង នៅថ្ងៃទី១៨ ខែកក្កដា នេះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្នុងពេលជាប់ឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ គឺគណបក្សប្រជាជនកម្ពុជា បានខិតខំខ្លាំងណាស់ ក្នុងការបម្រើប្រជាពលរដ្ឋ មិនដែលបន្ធូរដៃ ឬជិះសេះលែងដៃនោះទេ ។ ពិសេស គឺការខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជា ដើម្បីកុំឱ្យកើតមានសង្គ្រាមជាថ្មី ធ្វើឱ្យពលរដ្ឋរស់នៅដោយសុខសាន្ត ។
ឯកឧត្តម បានបន្ថែមថា ទន្ទឹមនឹងដៃម្ខាងថែរក្សាសន្តិភាពនេះ គឺដៃម្ខាងទៀតរាជរដ្ឋាភិបាល បាន ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ក៏ដូចជាបានទាក់ទាញវិនិយោគិនបរទេសមក ធ្វើការវិនិយោគនៅកម្ពុជា បង្កើតការងារដល់ពលរដ្ឋ និងអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
ឯកឧត្តម ប្រាក់ សុខុន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានបន្តដឹកនាំថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន ។
ពលរដ្ឋ ដែលគាំទ្រគណបក្សជាជនកម្ពុជា បានលើកឡើងថា ពួកគេនៅតែជឿទុកចិត្តលើគណបក្សប្រជាជកម្ពុជា ព្រោះឃើញនូវលទ្ធផលជាក់ស្ដែង គឺការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន ពីមួយអាណត្តិទៅមួយអាណត្តិ ។
ចំណែក ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រាសាទ បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋក្នុងឃុំ ជាពិសេសសមាជិក សមាជិកាគណបក្ស ដែលបានបោះឆ្នោតគាំទ្រជារៀងរាល់ អាណត្តិ ហើយបានជាប់ឆ្នោតរាល់អាណត្តិ ។
ក្នុងនាមក្រុមការងារគណបក្ស ឯកឧត្តម ក៏បានប្ដេជ្ញាចិត្ត បន្តជួយអភិវឌ្ឍន៍មូលដ្ឋានឃុំឲ្យកាន់ តែរីកចម្រើន ខណៈក្នុងអាណត្តិកន្លងមក ក្រុមការងារចូលរួមអភិវឌ្ឍន៍សមិទ្ធផលជាច្រើន ដូចជាផ្លូវបេតុង ការដាក់ភ្លើងសូឡាបំភ្លឺផ្លូវ ជាដើម ហើយគ្រោងសាងសង់ស្ពានបេឡេ សម្រាប់ឃុំតាលន់ មកឃុំប្រាសាទ ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ



