អ៊ុយក្រែន៖ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឲ្យកើនឡើងតម្រូវការដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ចក្រភពអង់គ្លេស។ លោក Wallace និយាយថា បច្ចេកវិទ្យាថ្មីៗ កំពុងត្រូវបានសាកសល្បង នៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងធានាបានថា ចក្រភពអង់គ្លេសមានភាពសមស្របចំពោះការផ្គូរផ្គងសម្រាប់ជម្លោះណាមួយនៅពេលអនាគត។
រដ្ឋាភិបាល នឹងប្រកាសពីផែនការនៅថ្ងៃអង្គារទី១៨ ខែកក្កដានេះ ដើម្បីធ្វើឲ្យប្រសើរការត្រៀមប្រយុទ្ធសម្រាប់យោធារបស់ខ្លួនរួមទាំងការចំណាយទឹកប្រាក់២,៥ពាន់លានផោន ឬ៣,៣ពាន់លានដុល្លារ លើការបំពេញគ្រាប់រំសេវ និងការស្តុកទុក ដែលបានថយចុះដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ សង្គ្រាមបានបង្ហាញពីភាពចុះខ្សោយក្នុងផ្នែកយោធាចក្រភពអង់គ្លេស រួមទាំងការបម្រុងទុកគ្រាប់រំសេវដែលកំពុងថយចុះ និងកង្វះសនត្ថភាពផ្នែកឧស្សាហកម្មដែលត្រូវការដើម្បីបង្កើនការផលិតយ៉ាងឆាប់រហ័ស ខណៈចក្រភពអង់គ្លេស បានផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រឆាំងរុស្ស៊ី។

ចក្រភពអង់គ្លេស បានប្រកាសកាលពីដើមឆ្នាំនេះថា ប្រទេសនេះនឹងចំណាយបន្ថែមចំនួន៥ពាន់លានផោន លើផ្នែកការពារជាតិ ដែលធ្វើឲ្យប្រទេសនេះមានការចំណាយប្រហែល២.២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះនិងឆ្នាំក្រោយ ពីចំនួន២ភាគរយកាលពីពេលមុន។
ចក្រភពអង់គ្លេស បានបញ្ជូនសព្វាវុធប្រឆាំងរថក្រោះ និងសព្វាវុធគងលើស្មា ទៅឲ្យអ៊ុយក្រែនក្នុងពេលការវាយលុក ហើយកាលពីខែកុម្ភះ បានប្រកាសថា ខ្លួននឹងជាប្រទេសដំបូងគេដែលចាប់ផ្តើមបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះប្រយុទ្ធរបស់សម្ព័ន្ធយោធាណាតូ៕
