បាល់ទាត់៖ ខ្សែបំរើអាល្លឺម៉ង់ Toni Kroos ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន Covid-19 ដែលនឹងធ្វើអោយរូបគេនឹងអវត្តមានមិនអាចជួយ Real Madrid ក្នុងការប្រកួតបិទរដូវកាល La Liga ចុងសប្តាហ៍នេះ។ ខ្សែបំរើជំរើសជាតិអាល្លឺម៉ង់រូបនេះ មិនមានវត្តមានឡើយក្នុងជំនួបកាលពីថ្ងៃអាទិត្យដែល Real Madrid ឈ្នះនៅទឹកដី Athletic Bilbao ១-០ មុនពេលដែល Real Madrid បានបញ្ជាក់ច្បាស់ម្សិលមិញថា កីឡាករវ័យ ៣១ឆ្នាំរូបនេះឆ្លង Covid-19។

Real Madrid ក៏បានបញ្ជាក់ដែរថា Toni Kroos បាននៅដាច់ដោយឡែកតាំងពីថ្ងៃសុក្រ ទី១៤ ហើយក៏នឹងត្រូវនៅដាច់ដោយឡែកមួយសប្តាហ៍ទៀត ដែលនឹងធ្វើអោយគេអវត្តមានចុងសប្ដាហ៍នេះ។ ក្រុមរបស់លោក Zinedine Zidane នឹងត្រូវជួបជាមួយ Villarreal ដោយ Real Madrid ត្រូវការឈ្នះដាច់ខាត ខណៈក្រុមកំពូលតារាង Atletico Madrid ដែលកំពុងនាំមុខ ២ពិន្ទុនឹងត្រូវទៅទឹកដី Real Valladolid ដើម្បីសំរេចជើងឯក៕
អត្ថបទ៖នាង សុភាវុធ