ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដាក់ កម្មវិធី បណ្ដុះបណ្ដាលផ្នែកតូរតន្រ្តី ទៅក្នុងគម្រោងនៃគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ និងយុវជន ១,៥លាននាក់ ដែលរាជរដ្ឋាភិបាល នឹងផ្តល់ការបណ្តុះបណ្តាលដោយមិនគិតថ្លៃ ហើយថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។
ការលើកឡើងដូច្នេះរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូសមាគមអ្នកភ្លេង ដឹកនាំដោយលោក ម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគម កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ នៅ ទីស្ដីការក្រសួង។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងបន្តថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រី សម័យ មាន ការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀងមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែល យើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃ ឱ្យបានល្អទៅថ្ងៃអនាគត។ ឯកឧត្តបានមបន្ថែមថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួមសម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេងក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកធនធានមនុស្សផែ្នកតន្រ្តីករ សិល្បករគ្រប់ទម្រង់ ទាំងភ្លេង របាំ ល្ខោន និងចម្រៀង សុទ្ធតែបានរួមចំណែកដល់ការលើកស្ទួយវប្បធម៌ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងសម្រាប់ជាមរតកសម្រាប់ មនុស្សជំនាន់ក្រោយ។ បន្ថែមពីនេះ សេវាកម្មតូរតន្ត្រី ក៏មានទីផ្សារការងារគួរសមដែរ ខណៈនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានាក៏ត្រូវការសេវាកម្មតូរតន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិយើងផង។
តាមការរាយការណ៍របស់លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា សមាគមអ្នកភ្លេង ទើបតែបង្កើតក្នុងខែមេសា ឆ្នាំ២០២៣នេះ ក្នុងចក្ខុវិស័យ និងគោលបំណង គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍ ៣យ៉ាង គឺជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។ សមាគមក៏ប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាក គឺជា ឱកាស។
លោកឲ្យដឹងទៀតថា សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ដែលពួកគាត់ភាគច្រើន សុទ្ធតែមាន បទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់ ៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែល មានទេពកោសល្យខាងតូរតន្រ្តីផងដែរ៕ ដោយ ៖ បូរ៉ាវី






