
មន្ត្រីប្រចាំស្រុក បាននិយាយនៅថ្ងៃអង្គារ (ទី១៨ ខែកក្កដា) នេះ ថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ និង ៣នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថយន្តកុងតេន័រមួយគ្រឿង បើកបរក្នុងល្បឿនដ៏លឿន និងបានបុកជាមួយរថយន្តហ្ស៊ីប (Jeep) ដឹកអ្នកដំណើរ នៅលើផ្លូវហាយវេ Mumbai-Nashik ជិតទីក្រុង Bhiwandi។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលរថយន្តដឹកជញ្ជូនកុងតេន័រតម្រង់ទៅព្រំដែនក្រុង Mumbai បានបុកជាមួយរថយន្តហ្ស៊ីប (Jeep) នៅលើផ្លូវប្រកបដោយគ្រោះថ្នាក់ Khadavali Phata នៅពេលព្រឹកព្រឹកដ៏មមាញឹក។ ការបុកគ្នានោះ រថយន្តហ្ស៊ីបបានប៉ើងចេញពីផ្លូវហាយវេនោះយ៉ាងតិច ៥០ហ្វីត (ជាង ១៥ម៉ែត្រ)។
អ្នកដំណើរ ៦នាក់ ក្នុងរថយន្តហ្ស៊ីបនោះ ដោយក្នុងនោះមានស្ត្រី ២នាក់ បានស្លាប់នៅនឹងកន្លែង ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល ក្នុងក្រុង Kalwa និង Bhiwandi។
នគរបាលមកពីក្រុង Bhiwandi បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ជួយសម្រួលការកកស្ទះចរាចរណ៍ នៅលើដងផ្លូវ និងបើកការស៊ើបអង្កេតលើហេតុការណ៍នេះ ដើម្បីរកមូលហេតុពិតប្រាកដថា តើមានអ្នកណាម្នាក់បើកបរដោយស្ថានភាពស្រវឹង ឬអត់៕
