ភ្នំពេញ៖ ក្នុងពេលចុះពិនិត្យដំណើរការចាក់ដូសទី២ជូនប្រជាពលរដ្ឋនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចាក់ដូសទី២ សូមបន្តទៅទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទ ឬចន្លោះក្រោយចាក់ដូសទី១ បាន១៥ថ្ងៃ-២៨ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពវ៉ាក់សាំង។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌទួលគោក មានជ័យ និងដង្កោ ដែលកំពុងមានសកម្មភាពចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យយោធា នៅទីតាំងសរុបជាង៦០ទីតាំង។
ក្នុងនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រោយពីដំណើរការចាប់ផ្តើមចាក់នូវដូសទី២ ជូនប្រជាពលរដ្ឋ រយៈពេល២ថ្ងៃកន្លងមកនេះ គឺមានភាពល្អប្រសើរ ហើយមានសណ្តាប់ធ្នាប់ត្រឹមត្រូវក្រោមកិច្ចសហការរវាងក្រុមការងារកងទ័ព និងអាជ្ញាធរមូលដ្ឋាន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី២ សូមមេត្តាទៅទទួលតាមកាលបរិច្ឆេទកំណត់ ឬចន្លោះក្រោយចាក់ដូសទី១បាន១៥ថ្ងៃ-២៨ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃវ៉ាក់សាំង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។
យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦ នៃរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៧ ខែឧសភានេះ មានប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈប្រជាពលរដ្ឋសរុបដែលត្រូវចាក់វ៉ាក់សាំងចំនួនជិត ៨០ម៉ឺននាក់៕ អត្ថបទ៖ ឧត្តម