ហ្វីលីពីន៖ ចៅក្រមសាលាឧទ្ធរណ៍នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបើកផ្លូវឲ្យមានការស៊ើបអង្កេតលើការសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងអំឡុងពេល«សង្គ្រាមប្រឆាំងគ្រឿងញៀន»របស់ប្រទេសហ្វីលីពីន ជាដំណើរការមួយដែល ក្រុមគ្រួសារជនរងគ្រោះ និងក្រុមស្តាំនិយម បានសាទរជាជំហានមួយទៀតឆ្ពោះទៅរកយុត្តិធម៌។
នៅក្នុងសេចក្តីសម្រេចមួយកាលពីថ្ងៃទី១៨ ខែកក្កដា ចៅក្រមឧទ្ធរណ៍របស់ICC បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការរារាំងការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte) ។ តំណាងរបស់លោកបាននិយាយថា រូបលោកនឹងមិនអើពើនឹងការសម្រេចចិត្តនោះទេ។

អតីតអ្នកនាំពាក្យរបស់លោក ឌូទែរើតេ គឺលោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព មានតែតុលាការហ្វីលីពីនប៉ុណ្ណោះ ដែលអាចកាត់ទោសឧក្រិដ្ឋកម្មណាមួយ ដែលបានប្រព្រឹត្ត នៅក្នុងទឹកដីហ្វីលីពីន។
លោក Roque បាននិយាយថា អតីតប្រធានាធិបតីរូបនេះ នឹងប្រឈមមុខជាមួយអ្នកចោទប្រកាន់របស់លោកគ្រប់ពេលវេលា ប៉ុន្តែនៅចំពោះមុខតុលាការហ្វីលីពីន និងចំពោះមុខក្រុមចៅក្រមហ្វីលីពីន តែប៉ុណ្ណោះ។
នៅខែកញ្ញា ឆ្នាំ ២០២១ តុលាការICC បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្រោមការដឹកនាំរបស់លោក ឌូទែរើតេ ប៉ុន្តែតុលាការនេះ បានផ្អាកការស៊ើបអង្កេតរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ តាមសំណើរបស់ទីក្រុងម៉ានីល ដែលបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេត៕
