ភ្នំពេញ៖ ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុពី១៨ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅវិទ្យាល័យបឹងកេងកង ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
បើតាមសេចកី្តប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ពីផ្ដើមពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។
កញ្ញា ហេង លីឡាយ សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ប្រចាំគោលដៅចាក់វ៉ាក់សាំងមណ្ឌលវិទ្យាល័យបឹងកេងកង បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ជាទូទៅក្នុងមួយគោលដៅមាន ក្រុមការងារគ្រូពេទ្យ ចំនួន២២នាក់។
ជាពិសេសប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវឲ្យច្បាស់ថាខ្លួនអ្នក មិនមានជំងឺកូវីដ-១៩ និងកំពុងធ្វើចត្តាឡីស័កនោះទេ។
ទន្ទឹមគ្នានោះដែរ ប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងស្ថានភាពដ៏លំបាកនេះ ការចាក់វ៉ាក់សាំងកូវីដ១៩ ពិតជាមានសារសំខាន់ណាស់។ ដូច្នេះយើងត្រូវរួមគ្នាចាក់វ៉ាក់សាំង និងរួមគ្នាការពារ ដើម្បីកុំឲ្យឆ្លងរីករាលដាលពីម្នាក់ ទៅម្នាក់។
ជាចុងក្រោយ ក្នុងនាមកញ្ញា ជាសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចការសង្គមនេះ និងចូលរួមជួយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានចំនួនច្រើនកាលណា ល្អកាលហ្នឹង តាមគោលការណ៍របស់រាជរដ្ឋាភិបាលបានចេញ ដើម្បីបង្កើនការទប់ស្កាត់ជំងឺកូវីដ១៩។ ដូច្នេះ សូមឲ្យប្រជាពលររដ្ឋដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង មានមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុង៧សង្កាត់ និងទីតាំងចាក់វ៉ាក់សាំងចំនួន៨ គឺទី១.សាលាចៅពញាហុក, ទី២.វិទ្យាល័យបឹងកេងកង, ទី៣.វិទ្យាល័យព្រះយុគន្ធរ, ទី៤.សាលាបឋមសិក្សាជ័យជំនះ, ទី៥.សាលាបឋមសិក្សាទួលស្លែង, ទី៦.វិទ្យាល័យទួលស្វាយព្រៃ, ទី៧.សាលាបឋមសិក្សាវត្តមហាមន្រី្ត និងទី៨.សាលាបឋមសិក្សាភូមិ៧៕អត្ថបទ រដ្ឋា