WFP ៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងព្រមានថា អសន្តិសុខស្បៀង នៅអាហ្វ្រិកខាងកើត នឹងមានសភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីប្រទរេសរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN)។
កិច្ចព្រមព្រៀងនេះ បានអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពតាមសមុទ្រខ្មៅ ហើយទីភ្នាក់ងារជំនួយសង្គ្រោះ បាននិយាយថា ការដួលរលំនៃកិច្ចព្រមប្រៀង នឹងប៉ះពាល់ដល់ប្រទេសក្រីក្របំផុតមួយចំនួនរបស់ពិភពលោកយ៉ាងខ្លាំងបំផុត។
លោក Michael Dunford ដែលជានាយករបស់ WFP អាហ្វ្រិកខាងកើត បាននិយាយថា៖ «ការបញ្ចប់នេះនឹងធ្វើឲ្យលទ្ធភាពរបស់យើងក្នុងការផ្ដល់អាហារដល់ប្រជាជនអត់ឃ្លានកាន់តែលំបាក។ មានមនុស្ស ៨០លាននាក់រួចហើយ នៅក្នុងតំបន់ដែលជួបនឹងបញ្ហាអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ កត្តាជាច្រើនកំពុងជំរុញឲ្យមានបញ្ហានេះ។ វាកើតឡើងដោយសារជម្លោះ អាកាសធាតុ ភាពរង្គោះរង្គើខាងសេដ្ឋកិច្ច ហើយជាការពិតណាស់ ការសល់ចំហាយពីការរាតត្បាតនៃជំងឺកូវីដ។ ដូច្នេះ ការផ្អាកគំនិតផ្តួចផ្តើមនេះ នឹងបានត្រឹមតែធ្វើស្ថានការណ៍ដែលអាក្រក់រួចហើយនោះ កាន់តែធ្ងន់ធ្ងរទៅៗ»។
កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ (UN) និងប្រទេសទួរគី កាលពីខែកក្កដាឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែអាក្រក់ឡើងៗ ដោយសារការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន និងរុស្ស៊ី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំៗរបស់ពិភពលោក៕

