
ភ្នំពេញ៖ តំណាងក្រុមហ៊ុនឯកជនផ្សេងៗគ្នាចំនួនជិត ១០០នាក់ បានសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងសមាគមស្បែកជើងកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
លោកឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅក្រោយសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការវិនិយោគ ជាពិសេសគៀងគរអ្នកវិនិយោគនៅក្រៅប្រទេស ឲ្យងាកមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែកើនឡើងថែមទៀតដើម្បីពង្រីកដល់ការនាំចេញ តាមរយៈច្បាប់ស្តីពីវិនិយោគនេះ ដែលធ្វើឲ្យកម្ពុជាទាញយកផលប្រយោជន៍បានយ៉ាងច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
លោកឧកញ៉ា បានឲ្យដឹងទៀតថា សិក្ខាកាមដែលបានចូលរួមក្នុងពេលនេះ មួយចំនួនជាម្ចាស់សហគ្រាស និងក្រុមហ៊ុនវិនិយោគដែលមានខ្លះក្នុងប្រទេសកម្ពុជា និងមួយចំនួនផ្សេងទៀត គឺអ្នកដែលមានបំណងចង់ធ្វើការពង្រីកបន្ថែម ហើយគាត់ក៏មានបំណងប្រាប់ទៅអ្នកស្គាល់ផ្សេងដទៃទៀតឲ្យមកវិនិយោគនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ច្បាប់វិនិយោគនេះបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដោយបានគិតគូរដល់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព និងជំរុញការតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ។ បន្ថែមពីនេះទៀត គឺបង្កើនទំនាក់ទំនងជាដៃគូ រវាងរដ្ឋាភិបាល និងផ្នែកឯកជន ក្នុងការជួយឱ្យសេដ្ឋកិច្ចរីកលូតលាស់។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតាក់តែងឡើងតាមការចង្អុលបង្ហាញនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងតាក់តែងឡើងយ៉ាងហ្មត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ច្បាប់នេះ មានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ានប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ៕






