ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានត្រៀមសាលារៀនជាង ១ម៉ឺន និងវត្តអារាមជាង១ពាន់កន្លែង សម្រាប់ជាការិយាល័យបោះឆ្នោត។
គិតត្រឹមថ្ងៃទី២០ ខែកក្កដានេះ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ កក្កដាខាងមុខ។
ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា យោងតាមចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាន៧សែននាក់ គ.ជ.ប បានរៀបចំទីតាំងការិយាល័យនៅទូទាំងប្រទេសជាង ២ម៉ឺនការិយាល័យ ដោយប្រើប្រាស់គ្រឹះស្ថានសិក្សារដ្ឋ វត្តអារាម តាមតម្រាយផ្លូវ និងទីសាធារណៈមួយចំនួនផ្អែកលើភូមិសាស្ដ្រនីមួយៗ ដោយក្នុងចំណោមមណ្ឌលបោះឆ្នោតទូទាំង ២៥ រាជធានី-ខេត្តមានគ្រឹះស្ថានសិក្សារដ្ឋចំនួនជាង១ម៉ឺន៦ពាន់ទីតាំង និងវត្តអារាមជាង១ពាន់វត្តសម្រាប់ធ្វើជាការិយាល័យបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ កក្កដានេះ។
ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បីបង្ការការរំខានដោយយថាហេតុនៃបម្រែបម្រួលអាកាសធាតុ គ.ជ.ប ក៏បានត្រៀមបម្រុងទីតាំងការិយាល័យផ្សេងទៀតដើម្បីធ្វើយ៉ាងណាមិនឱ្យរាំងស្ទះ និងខកខានដល់ដំណើរការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងចំណោមការិយាល័យបោះឆ្នោតជាង ២ម៉ឺនការិយាល័យនេះ គ.ជ.ប បានដាក់មន្រ្តី បម្រើតាមការិយាល័យនីមួយៗចំនួន ៦ ម្នាក់ក្នុង១ការិយាល័យ ដោយមានតួនាទីសម្របសម្រួលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានអញ្ជើញចូលរួមបោះឆ្នោតគ្រប់ៗគ្នា៕អត្ថបទ សេក ឧត្តម