រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានព្យួរការចូលរួមក្នុងកិច្ចព្រមព្រៀងសម័យសង្រ្គាមដែលអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិហូរចេញពីអ៊ុយក្រែន ទៅកាន់ប្រទេសជុំវិញពិភពលោក សេតវិមានកាលពីថ្ងៃពុធ បានព្រមានថា យោធារុស្ស៊ីកំពុងរៀបចំសម្រាប់លទ្ធភាពវាយប្រហារទៅលើនាវាដឹកជញ្ជូនស៊ីវិលនៅសមុទ្រខ្មៅ។

ចាប់តាំងពីចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងសប្តាហ៍នេះ ប្រទេសរុស្ស៊ី បានវាយប្រហារកំពង់ផែនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនរួចហើយនៅក្នុងទីក្រុងអូដេសា (Odesa) ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន។ គ្រាប់ធញ្ញជាតិប្រហែល ៦០.០០០តោន ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនោះ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Adam Hodge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ព័ត៌មានរបស់យើង បង្ហាញថា រុស្ស៊ីបានដាក់គ្រាប់មីនសមុទ្របន្ថែម នៅតាមផ្លូវទៅកាន់កំពង់ផែអ៊ុយក្រែន»។ «យើងជឿថា នេះគឺជាការខិតខំប្រឹងប្រែងសម្របសម្រួលមួយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារណាមួយប្រឆាំងនឹងនាវាស៊ីវិលនៅក្នុងសមុទ្រខ្មៅ ហើយបានបន្ទោសអ៊ុយក្រែនចំពោះការវាយប្រហារទាំងនេះ»។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ដែនទឹកអន្តរជាតិនៅភាគពាយ័ព្យ និងភាគអាគ្នេយ៍នៃសមុទ្រខ្មៅ «មានគ្រោះថ្នាក់ជាបណ្តោះអាសន្ន»សម្រាប់ការដឹកជញ្ជូន។ ការប្រកាសនោះ បានធ្វើឡើងបន្ទាប់ពីការសន្យារបស់អ៊ុយក្រែន ក្នុងការបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ បើទោះបីជារុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងក៏ដោយ។
ក្រសួងនេះ បានព្រមានថា ខ្លួននឹងចាត់ទុកនាវាចូលមកណាមួយថា ជានាវាផ្ទុកគ្រឿងយុទ្ធោបករណ៍។