
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២០ កក្កដា)នេះថា ភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយលុកតំបន់ជាច្រើននៅភាគអាគ្នេយ៍នៃប្រទេសចិន។ ជំនន់ទឹកភ្លៀងបានចាប់ផ្តើមកាលពីថ្ងៃពុធ (១៩ កក្កដា) ហើយត្រូវបានគេរំពឹងថានឹងបន្តក្នុងរយៈពេលបីថ្ងៃបន្ទាប់ទៀត។ ទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺទីក្រុងជូម៉ាទាន (Zhumadian)ទីក្រុងណានជីង (Nanjing) និងទីក្រុងអ៊ូហាន (Wuhan)។ ទូរទស្សន៍ CCTV បានរាយការណ៍ថាក្រុងជូម៉ាទាន ដែលជាទីក្រុងមួយក្នុងខេត្តហឺណាន (Henan) បានទទួលរងទឹកភ្លៀងធ្លាក់កម្រិត ២៥៩,៤មីលីម៉ែត្រ ពេញមួយយប់។
ភ្លៀងធ្លាក់រាយប៉ាយ ឬព្យុះភ្លៀងខ្លាំងក៏បានកើតឡើងនៅក្នុងខេត្តអានហ៊ួយ (Anhui) ខេត្តជាំងស៊ូ (Jiangsu) ខេត្តជាំងស៊ី (Jiangxi) និងតំបន់នៃខេត្តហ្គ័ងស៊ី (Guangxi) ផងដែរ។ ភាគខាងជើងប្រទេសចិន ដែលរងការវាយប្រហារដោយរលកកម្តៅដ៏ខ្ពស់ ក៏ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងធនធានទឹកបានព្រមានថា ជំនន់ទឹកភ្លៀងអាចបង្កើនហានិភ័យនៃទឹកជំនន់ និងបំណាក់ដីផងដែរ៕