រលកកម្ដៅ ដែលកំពុងវាយប្រហារតំបន់អឺរ៉ុប ក៏បានវាយប្រហារតំបន់ហ្កាហ្សា ផងដែរ ជាទីដែលជនជាតិប៉ាឡេស្ទីនបានព្យាយាមស្វែងរកជំនួយដោយការត្រាំក្នុងសមុទ្រ កាលពីថ្ងៃពុធទី១៩កក្កដា និងយកទឹកត្រជាក់ស្រោចលើខ្លួនពួកគេ។

ភ្លើងឆេះព្រៃទូទាំងប្រទេសក្រិក បានស្រាកស្រាន្តយឺតៗ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ខែកក្កដា បន្ទាប់ពីបានឆាបឆេះផ្ទៃដីព្រៃឈើយ៉ាងធំ និងលំនៅឋានរាប់សិបខ្នង ក្នុងពេលប៉ុន្មានថ្ងៃនេះ ប៉ុន្តែសីតុណ្ហភាពបានកើនឡើង ដែលអាចបង្កឲ្យមានស្ថានភាពធ្ងន់ធ្ងរថ្មីថែមទៀត ។
កសិករម្នាក់ លោក អានឌ្រៀ ហ្វើរីនី (Andrea Ferrini)ស្ថិតនៅតំបន់ជួរមុខនៃបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសអ៊ីតាលី និង លោកបានរៀបរាប់ទាំងទឹកភ្នែកនៅពេលលោកនិយាយពីផ្លែឈើ និងដំណាំរបស់លោក ក្នុងប្រទេសអ៊ីតាលី ភាគខាងជើង ដែលស្ងួតហួតហែង មុនពេលត្រូវបានវាយប្រហារដោយព្យុះភ្លៀង និងទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន ក្រោយការគ្របដណ្ដប់ដោយរលកកម្ដៅ និងរងការវាយប្រហារដោយព្យុះភ្លៀងនៅពេលចុងក្រោយនេះ។

នៅក្នុងទីក្រុងរ៉ូម ប្រជាពលរដ្ឋ និងក្រុមអ្នកទេសចរ បានព្យាយាមរកកន្លែងត្រជាក់ដោយប្រើទឹកក្នុងសួនបាញ់ទឹក ដ៏ល្បីល្បាញនានារបស់ទីក្រុងនេះ ខណៈ រដ្ឋធានីរបស់អ៊ីតាលី ក្លាយជារដ្ឋធានី មួយក្នុងចំណោមទីក្រុងជាច្រើន ត្រូវបានប៉ះពាល់ខ្លាំងបំផុត ដោយសាររកកកម្ដៅ ដែលបានវាយប្រហារអឺរ៉ុបខាងត្បូង។
នៅក្នុងប្រទេសឥណ្ឌា ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ ព្រមទាំងបំណាក់ដីដ៏ធំនៅក្នុងទីក្រុង ខាតួ (Kathua ក្នុងតំបន់ ចាមួ(Jammu) និង កាស្មៀរ( Kashmir) ជាទីដែលមនុស្ស១៦នាក់បានស្លាប់ និងប្រមាណ១០០នាក់ ត្រូវគេបារម្ភថាបានជាប់ក្រោមបំណាក់ដី កាលពីថ្ងៃព្រហស្បតិ៍។

កាលពីថ្ងៃពុធ ទី១៩កក្កដា ព្យុះ បានវាយប្រហារ ពាសពេញទីក្រុង ហ្សាក្រេប (Zaghreb) ប្រទេសក្រូអាត ដោយបានផ្ដួលរំលើងដើមឈើ និងខូចខាតរថយន្តមួយចំនួន៕