ឧត្តរមានជ័យ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកអន្លង់វែង ដោយមានការចូលរួមពីសមាជិក-សមាជិកា និងអ្នកគាំទ្រចូលរួមជាង១ម៉ឺននាក់។
នាឱកាសនោះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍ ក៏ដូចក្នុងសង្គមជាតិទាំងមូល ហើយខិតខំបញ្ចេញអស់កំលាំងកាយ កំលាំងចិត្តដើម្បីចូលរួមកសាងអភិវឌ្ឍន៍ និងការពារប្រទេសជាតិ ។
ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ដោយឡែកក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិកាន់តែមានការប្រែប្រួល រីកចម្រើនលើគ្រប់វិស័យ ជីវភាពប្រជាជនក៏ត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់គួរឱ្យមានមោទនភាព ។
ឯកឧត្តម គន់ គីម បញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺជាផ្លែផ្កាដ៏ថ្លៃថ្លារបំផុតនៃកំលាំងសាមគ្គីរបស់ប្រជាជាតិទាំងមូល ជាពិសេសនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាល និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាមួយនឹងការឧបត្ថម្ភជាសាច់ប្រាក់ដល់អ្នករងគ្រោះ ដោយសារវិបត្តិកូវីដ-១៩ និងឈានទៅដល់ការបើកប្រទេសទាំងស្រុងឡើងវិញ។
ឯកឧត្តម គន់ គីម ថ្លែងថា គណបក្សប្រជាជនកម្ពុជាសូមប្រកាសជាឧឡារឹកថា ក្រោយពេលបោះឆ្នោតគណបក្សនឹង បន្តពង្រឹងពង្រីកកំលាំងសាមគ្គីជាតិ ប្ដេជ្ញារក្សាសន្តិភាព ជុំរុញការកសាង និងអភិវឌ្ឍន៍ខេត្តយើងឱ្យទទួល បានសមិទ្ធផលថ្មីៗថែមទៀតលើគ្រប់វិស័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ឧត្តុង្គឧត្តម របស់បងប្អូន។
ឯកឧត្តម គន់ គីម បានអំពាវនាវដល់សមាជិក-សមាជិកា និងប្រជាពលរដ្ឋអ្នកគាំទ្រដែលចូលរួមក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាពេលនេះ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់អាយុ និងមានប័ណ្ណបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ និងមានរូបទេវតាបាចផ្កាជាសំគាល់៕


