អឺរ៉ុប៖ ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុបលោក Josep Borrell និយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបនឹងផ្តល់ថវិកា៥ពាន់លានអឺរ៉ូ(ស្មើនឹង ៥,៥៧ពាន់លានដុល្លារ)ក្នុង១ឆ្នាំសម្រាប់រយៈពេល ៤ឆ្នាំបន្ទាប់ ដល់តម្រូវការវិស័យការពារជាតិអ៊ុយក្រែន តាមរយៈមធ្យោបាយនៃការផ្តោតលើបុព្វហេតុ ក្រោមគម្រោងសន្តិភាពអឺរ៉ុប ។

លោក Borrell បាននិយាយផងដែរថា ទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយប្រទេសទួរគីមាន ២ច្រក ។
ក្រោយជំនួបក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប ស្តីពីការផ្លាស់ប្តូរទស្សនៈលើកម្មវត្ថុគោលនយោបាយបរទេសដូចជាទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយទួរគី លោក Borrellនិយាយប្រាប់ក្រមអ្នកសារព័ត៌មានថា វាមិនត្រឹមតែជាអ្វីដែលសហភាពអឺរ៉ុបរំពឹងពីទួរគីនោះឡើយ តែវាគឺជាអ្វីដែលទួរគីរំពឹងទទួលបានពីសហភាពអឺរ៉ុបផងដែរ
គួរឲ្យដឹងថា ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប ត្រូវបានគេបង្ហាញផែនការមូលនិធិនៅក្រុមប្រឹក្សាបរទេសកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែកិច្ចពិភាក្សាលម្អិតជាងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣១ ខែសីហាខាងមុខ នៅជំនួបរបស់ពួកគេ ក្នុងទីក្រុង Toledo របស់ប្រទេសអេស្ប៉ាញ ។
ប្រទេសដែលជារដ្ឋសមាជិកមួយចំនួន ដូចជាហុងគ្រី អាចនឹងជំទាស់គំនិតមួយនេះ ហើយការឯកភាពនយោបាយផ្តាច់ព្រ័ត្រ ពុំត្រូវបានគេរំពឹងនឹងធ្វើឡើងនោះទេ រហូតដល់ក្រុមមេដឹកនាំអឺរ៉ុបជួបជុំគ្នានៅជំនួបកំពូលសហភាពអឺរ៉ុប នៅខែតុលា ឬនៅខែធ្នូខាងមុខ ។

សូមបញ្ជាក់ថា គម្រោងសន្តិភាពអឺរ៉ុប (EPF)ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ គឺជាមធ្យោបាយដើម្បីចាត់វិធានការហិរញ្ញវត្ថុដែលនឹងការពារជម្លោះ បង្កើតសន្តិភាព និងពង្រឹងសន្តិសុខអន្តរជាតិ ។ ដំបូងឡើយ គម្រោងមួយនេះ មានតម្លៃត្រឹមតែ ៦,៣ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពលនោះមក វាបានកើនឡើងដល់ ១៣,៤ពាន់លានដុល្លារ ៕