ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្សដល់ទៅ ៣៩៣នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺ ៦១២នាក់ ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៣៩២នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លង ១ករណីទៀត គឺជាករណីនាំចូល។
បើតាមក្រសួងសុខាភិបាល កម្ពុជាបានរកឃើញមនុស្សដល់ទៅ ២៣ ២៨២នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងចុងខែមករា ឆ្នាំ២០២០មក។
ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា មនុស្ស ៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៥៩នាក់ហើយនៅក្នុងរយៈពេល ៦៧ថ្ងៃចុងក្រោយមកនេះ។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩សរុប ១៤ ៩៥៥នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៦១២នាក់ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
