កាណាដា ៖ កាលពីថ្ងៃព្រហស្បតិ៍ (២០ កក្កដា) ក្រុមសហគមន៍ជនជាតិភាគតិច First Nation ចំនួនប្រាំនៃប្រទេសកាណាដា បានដើរដង្ហែក្បួនប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលខេត្ត Ontario ក្នុងការអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់ដែលសម្បូរទៅដោយសារធាតុរ៉ែនេះ ដោយគ្មានការពិគ្រោះយោបល់ត្រឹមត្រូវលើកង្វល់អំពីបរិស្ថាន និងការរំលោភយកដីដែលអាចកើតមានដោយក្រុមហ៊ុនរុករករ៉ែនោះទេ។
មានមនុស្សប្រហែល ១០០នាក់បានចូលរួមក្នុងការតវ៉ានេះ រួមទាំងតំណាងសហគមន៍ទាំងប្រាំ និងអ្នកផ្សេងទៀតដែលប្រឆាំងនឹងគម្រោងនេះ បានដើរដង្ហែនៅខាងក្រៅអគារក្រសួងធនធានរ៉ែរបស់រដ្ឋាភិបាលខេត្តក្នុងទីក្រុងតូរ៉ង់តូ ដោយលើកពាក្យស្លោកថា "ឈប់ធ្វើអាជីវកម្មរ៉ែទៀត" ។ ការតវ៉ានេះធ្វើឡើងរយៈពេលពីរខែ បន្ទាប់ពីក្រុមជនជាតិភាគតិច First Nation បានចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលខេត្ត Ontario ដោយក្រុមនេះកំពុងរៀបចំការតវ៉ាមួយទៀតនៅខែកញ្ញា។
តំបន់ដាច់ស្រយាលនៅតំបន់ទំនាបឆ្នេរ James Bay នៃភាគខាងជើងខេត្ត Ontario មួយនេះ ត្រូវបានគេស្គាល់ថាជាតំបន់ "កងភ្លើង" និងត្រូវបានចាត់ទុកថាជាព្រំដែនបន្ទាប់ក្នុងការរុករករ៉ែសំខាន់ៗដូចជាទង់ដែង កូបាល់ នីកែល ខណៈដែលប្រទេសកាណាដាព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិនចំពោះលោហធាតុ ដែលត្រូវបានគេមើលឃើញជាកត្តាសំខាន់ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង។
គម្រោងដែលស្នើឡើងដោយខេត្ត Ontario នឹងរួមបញ្ចូលការកសាងផ្លូវគ្រប់រដូវ ខ្សែផ្លូវដែកនិងការបង្កើនល្បឿនអនុញ្ញាតការធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់នេះ ដែលជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិភាគតិច First Nation មួយចំនួន៕

