ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង៤០០នាក់ មកពីជិត ៧០ ប្រទេស និងស្ថាប័ន នៅរសៀលថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣នេះបានចូលរួមនៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។
កិច្ចប្រជុំផ្ដល់ព័ត៌មាន ស្ដីពីដំណើរការរៀបចំការបោះឆ្នោតសកល នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងមន្ត្រីពាក់ព័ន្ធផងដែរ។កិច្ចប្រជុំនេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ និង ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះដើម្បី បង្ហាញការពិតនៃគ្រប់ដំណាក់កាលទាំងអស់ នៃនីតិវិធីមុននឹងឈានដល់ការបោះឆ្នោតសកល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមបន្តថាអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ចាំបាច់ត្រូវតែដឹងព័ត៌មានពិតពីកម្ពុជា ដើម្បីអោយពួកគេអាចវាយតម្លៃបានយ៉ាងត្រឹមត្រូវ ចំពោះដំណើរការនៃការបោះឆ្នោតនៅកម្ពុជា។ តំណាងអ្នកសង្កេតការអន្តរជាតិបានលើកឡើងថានីតិវិធីនៃការឈានឆ្ពោះទៅកាន់ការបោះឆ្នោតនៅកម្ពុជាកំពុងតែបង្ហាញពីការអនុវត្តយ៉ាងត្រឹមត្រូវនូវ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពី១អាណត្តិ ទៅ១អាណត្តិព្រោះការបោះឆ្នោតនៅកម្ពុជាមានរហូតដល់១៨គណបក្សនយោបាយ បានចូលរួម រីឯដំណាក់កាលនៃការឃោសនាបោះឆ្នោត ក៏ប្រព្រឹត្តិទៅរលូនគ្មានការគម្រាមកំហែង គ្មានបាតុភាពហឹង្សាណាមួយកើតឡើង។
មកដល់ពេលនេះ ពួកគេនៅរងចាំបន្តសង្កេត តាមដាន ទៅលេីថ្ងៃបោះឆ្នោតផ្ទាល់បន្ថែមទៀត ទើបអាចវាយតម្លៃសរុបជារួមបាន។សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារស្វាគមន៍ចំពោះ ភ្នាក់ងារបរទេស៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាប័ន ដែលបាននិងកំពុងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅកម្ពុជា ឆ្នាំ២០២៣នេះ។
សម្តេចក៏សូមថ្លែងអំណរគុណផងដែរចំពោះ ប្រធានសភា ប្រទេសម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ សម្តេចបានថ្លែងអំណរគុណ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធានអនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ សូដាវណ្ណ










